ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីកងរាជអាវុធហត្ថស្រុកស្ទោងចាប់កាឡេថងដឹកឈើ៥គ្រឿងប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាឡេថង ចំនួន៥គ្រឿង ដឹកឈើចម្រុះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង ឃាតចាប់បានកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១ ខែធ្នូ នៅចំណុចត្រពាំងឡប ស្រុកស្ទោង លុះព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ប្រគល់ឲ្យមន្រ្ដីជំនាញ សង្កាត់រដ្ឋបាលព្រៃឈើស្ទោង វាស់វែង រក្សាទុក និងចាត់វិធានការតាមច្បាប់ ។

បើតាមប្រភពព័ត៌មានពីក្រុមអ្នករកស៊ីឈើបានឲ្យដឹងថា ការដឹកជញ្ជូនបទល្មើសព្រៃឈើនៅលើទឹកដីឃុំពពកនេះ គឺសំអាងទៅលើលោកមេឃុំ កែវ នន ជាអ្នកកាងនៅពីក្រោយខ្នងពួកគាត់ ជាក់ស្ដែងដូចជាកម្លាំងកងរាជអាវុធចុះបង្ក្រាប លោកមេឃុំកែវ នន បានប្រាប់ពួកគាត់ថា មិនបាច់ភ័យទេ ចាំលោកខលទូរស័ព្ទទៅថ្នាក់លើឲ្យជួយអន្ដរាគមន៍។

ក្រោយពីវាស់វែងមានចំនួនឈើ១២ម៉ែត្រគូប៦៦៥ ក្នុងនោះមានប្រភេទឈើ ទាល ចម្រុះ វត្ថុតាងត្រូវបានរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ចំណែក មនុស្ស ត្រូវបានចាត់ការតាមច្បាប់ ។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ លោក ឈឿង គុណ​នាយផ្នែក រដ្ឋបាលព្រៃឈើស្ទោងបានបញ្ជាក់ថា ប្រជាពលរដ្ន បានមកដោះស្រាយ នៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោង​ មានគ្នា​ជាង៣០នាក់ ដោយមានការអន្ដរាគមន៍ពីថ្នាក់លើ ដោយពួកគាត់ពុំមានលទ្ធភាពក្នុងការបង់ពិន័យ ដូច្នេះ​ពួកគាត់បានធ្វើកិច្ចសន្យា ប្រគល់ ឈើឲ្យ មេព្រៃ​ចំណែក កាឡេថ​ង សុំយកទៅប្រើប្រាស់វិញ​ ព្រោះអ្នកខ្លះគាត់ពិតជាយកឈើទៅធ្វើផ្ទះពិតប្រាកដមែន​ ៕ ប៊ុន រិទ្ធី


ចែករំលែក៖