ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​បុក​គេ​ស្លាប់​និង​ខូច​រថយន្ត​ខ្ទេច​ សាច់ញាតិ​បោះ​ពាក្យ​សម្ដី​ មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ជនរងគ្រោះ​ ,​ ជនរងគ្រោះ​រង់ចាំ​តុលាការ​សម្រេច​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​បើក​រថយន្ត​​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ បុក​រះ​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួស​ នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ នៅ​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ​ នេះ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

ចន្លោះ​ពេល​នេះ​ ក្រុម​ជនរងគ្រោះ​លួច​បង្ហើប​ឱ្យ​ដឹង​ថា​ សាច់ញាតិ​ជនបង្ក​ បោះ​ពាក្យ​សម្ដី​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ជនរងគ្រោះ​ តែ​កំពុង​រត់​ការ​ជាមួយ​តុលាការ​ ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ ។​ ក្រុម​ជនរងគ្រោះ​ កំពុង​រង់ចាំ​ចំណាត់​ការ​របស់​តុលាការ​ តើ​សម្រេច​បែប​ណា​ចំពោះ​ករណី​នេះ​ ។​ ប៉ុន្តែ​ពួកគេ​សង្ឃឹម​ថា​ តុលាការ​ពិត​ជា​ផ្តល់​ភាព​យុត្តិធម៌​ជូន​ពួកគេ​ និង​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ជនបង្ក​បទល្មើស​ ។

នគរបាល​សន្និដ្ឋាន​ថា​ បុរស​រូប​នេះ​ បើកបរ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​ មិន​គោរព​កាតព្វកិច្ច​ បណ្តាល​ឱ្យ​ស្លាប់​និង​របួស​អ្នក​ដទៃ​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​២៣៖២០​ ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ នៅ​ចំណុច​មុខ​សាលា​សង្កាត់​ជ្រោយ​ចង្វារ​ ផ្លូវ​ទន្លេ​សាប​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​ ។

ជនបង្ក​មាន​ឈ្មោះ​ ឆាយ​ សុផា​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បាលីលេយ្យ២​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ បើក​រថយន្ត​ម៉ាក​ LEXUS 470 ពណ៌​ទឹក​មាស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2Q-0999 ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ រថយន្ត​បើកបរ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​កន្លែង​កើតហេតុ​បុក​រថយន្ត​មួយ​គ្រឿង​ពី​ក្រោយ​ ម៉ាក​ TOYOTA CAMRY ពណ៌​ទឹក​ប្រាក់​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2Q-8385 ។​ បន្ទាប់​មក​រថយន្ត​ LEXUS បន្ត​បុក​រះ​រថយន្ត​និង​ម៉ូតូ​៤គ្រឿង​ទៀត​ ព្រម​ទាំង​បុក​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ​ សាន់​ សុខន​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ ស្លាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ៕ចេស្តា


ចែករំលែក៖