ភ្នំពេញ៖ លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក ច្រឹង ចន្ថា អភិបាលរងខេត្តមណ្ឌលគីរី ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ដើម្បីសាកសួរបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ។ ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបឱ្យដឹងថា៖ លោក ច្រឹង ចន្ថា អាចចូលបំភ្លឺមុនថ្ងៃកំណត់ នៅរសៀលថ្ងៃទី០៤ ខែធ្នូ នេះ ។
ប្រភពព័ត៌មានបញ្ជាក់ថា៖ លោក ច្រឹង ចន្ថា ត្រូវបានកោះហៅដើម្បីសាកសួរពីដំណើររឿង “ឆ្លងដែនខុសច្បាប់ ប្រមូល ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតរបស់រដ្ឋបាលព្រៃឈើ ការនាំចេញឈើទៅបរទេសដោយគ្មានអាជ្ញាប័ណ្ណ និង មិនប្តឹងបរិហារបទឧក្រិដ្ឋ ឬ មជ្ឈិមដោយអ្នករាជការសាធារណៈ “ ។
មជ្ឈដ្ឋានមួយចំនួន ដឹងច្បាស់ថា តំបន់ច្រករបៀងអូរហ៊ុចជាតំបន់នាំឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាម យ៉ាងល្បីល្បាញ ហើយអាចមានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរថែមទៀតផង។
កន្លងមក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាររងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងជាប្រធានគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ តែងតែយកចិត្តទុកដាក់បង្ក្រាបបទល្មើសទាំងនេះ តែឈ្មួញទុច្ចរិតរួមគំនិតជាមួយអាជ្ញាធរ នៅតែលួចលាក់ប្រព្រឹត្តបទល្មើសដដែល។
គួររំលឹកថា៖ កាលពីព្រលឹមស្រាងៗព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបទីតាំងកាប់ផ្តួលរលំឈើហ៊ុប នៅតំបន់អូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបទល្មើសជាក់ស្តែង ពីសកម្មភាពជនជាតិវៀតណាមដឹកជញ្ជូនឈើឆ្លងទៅវៀតណាម។ ក្នុងនោះឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងចាប់យករថយន្តបាកុង៨គ្រឿងទៀតផង ជាមួយឈើហ៊ុបជិត១០០កំណាត់។
បច្ចុប្បន្នក្រៅពីដកតំណែង មានថ្នាក់ដឹកនាំនិងសមត្ថកិច្ចខេត្តមណ្ឌលគិរីជាច្រើនជាប់ពាក់ព័ន្ធនិងបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច កំពុងដំណើរការនីតិវិធីដោយសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប្តូរសមត្ថកិច្ចតុលាការពី សាលាដំបូងខេត្តមណ្ឌលគិរីមកនោះ៕ ចេស្តា