ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសវិកលចរិកមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក

ចែករំលែក៖

ខេត្តស្វាយ​រៀង​៖​ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្មេងឃ្វាលក្របី ខណៈប្រទះឃើញសពអណ្ដែតទឹក និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលា​ម៉ោង​៦​ និង​៥០​នាទី​ ព្រឹកនៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ខាងកើត​ស្ពាន​បូម​ ប្រហែល​១​គីឡូម៉ែត្រ​ ខាងត្បូង​ផ្លូវជាតិ​លេខ​១​ ចម្ងាយ​ប្រហែល​២៥០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។

​យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់នគរវត្តថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ លោក​វរសេនីយ៍ត្រី​ កៅ​ ហ៊​ន​ អធិការ​ រង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា​ មាន​មនុស្ស​លង់ទឹក​ស្លាប់​នៅ​ក្នុង​ទឹក​ប្រឡាយ​ពិត​ ប្រាកដ​មែន​ដោយ ជន​រង​គ្រោះជា​សាកសព​ភេទ​ប្រុស​ អាយុ​ប្រហែល​៥០​ឆ្នាំ​ ជាង​ពាក់​អាវយឺត​ពណ៌​ស​ មិន​ស្គាល់​អត្តសញ្ញាណ​។​
​​
ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះ​បាន​បញ្ជាក់​ប្រាប់សមត្ថកិច្ចថា​មុនប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក គឺបុរសខាងលើជា​មនុស្ស​វិកល​ច​រិ​កបានដើរមក​នៅ​ទី​នេះ​ប្រហែល​ជាង​១០​ថ្ងៃ​ហើយ​ ហើយខណៈ​បងប្អូន​ប្រជាពលរដ្ឋដែលមានទៅលំនៅឋាន​ក្បែរ​នោះ​ បាន​យក​បា​យមក​ឲ្យគាត់​ហូប​ជា​រៀងរាល់ថ្ងៃផងដែរ​។​

ក្រោយ​ពី​គណ​:​កម្ម​ការ​ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច​យ​រួច​មក​ បាន​បញ្ជាក់​ ឲ្យឃើញ​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ។​

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​គណ​:​កម្ម​ការ​សម្រេច​កប់​បណ្តោះអាសន្ន​នៅ​លើ​ភ្លឺ​ប្រឡាយ​កន្លែង​កើតហេតុ​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ យឹម សុថាន


ចែករំលែក៖