ព័ត៌មានទាន់ហេតុការណ៍៖

ឃើញគេរាំឌឺចេញវិញ ចាំស្ទាក់វាយ​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់បាន២នាក់

ចែករំលែក៖

ភ្នំពេញ​៖​យុវជនក្មេងទំនើង២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីស្ទាក់វាយយុវជនមួយក្រុមក្រោយពីចេញពីរាំលេងកម្សាន្តកន្លែងតាំងពិព័រណ៌ខ្មែរ ថៃនៅក្នុងដីឡូមួយកន្លែងតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ​កាលវេលាម៉ោង១០និង៣០នាទីយប់ ​ថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ២០១៧ ព្រោះតែឃើញយុវជនទាំងនោះរាំឌឺ។

ចំណែកឯជនរងគ្រោះមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ទី១-ម៉ាកស៊ុយសូគីលេក​ ពណ៌​សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1DD, 5841 និងម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីសងសេរ៊ី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ1GA-7416។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាមកមើល គេតាំង ពិពណ៌​ផលិតផលខ្មែរថៃ នៅដីវាល​ភូមិខាងលើ និងមានក្លិបកម្សាន្ត​រាំ​លែង​ ដោយ​ទិញ​​សំបុត្រសម្រាប់ចូលរាំ ហើយពួកគាត់មានគ្នា៤នាក់ ចូលមករាំតែនៅក្នុងក្លិបអាចម៍គោ ខាងលើ ពេញចង្អៀតពេក ចូលមិនចុះ ​ក៏នាំគ្នាទាំង៤នាក់ខាងលើ រាំខាងក្រៅក្លិប​យ៉ាងសប្បាយ ដោយមិនអស់លុយផង​ ខណៈ​ដែល​រាំៗ ស្រាប់តែឃើញពួកជនបង្កខាងលើ បានឈរនៅក្បែរ នៅខាងក្រៅ ក្លិប​មានគ្នាប្រមាណ៥ទៅ៦នាក់​បានឈរឌឺដង ដាក់ពួកគាត់ តែមិនបានវាយគ្នាឡើយ។​

លុះកម្មវិធីបានចប់ យុវជន និងយុវនារីទាំងឡាយ បាននាំគ្នាចេញ បន្ទាប់មក ភាគីរងគ្រោះខាងលើ​បានជិះម៉ូតូចេញមកក្រៅ ស្រាប់តែភាគីបង្កខាងលើ បាននាំគ្នាលោតធាក់ម៉ូតូពួកគាត់ដែលកំពុងបើកចេញ បណ្តាល ឲ្យ ឌួល​ហើយភាគីបង្កបាននាំគ្នាដេញវាយ ភាគីរងគ្រោះ​បណ្តាល ឲ្យត្រូវ ២ទៅ៣ដៃម្នាក់ៗរងរបួសស្រាល រីឯ​ម៉ូតូខូចខាតស្តប់ខាងមុខ​ បន្ទាប់​មក​ កម្លាំងនគរបាលប៉ុសិ៍្តចោមចៅ២ឃាត់បាន២នាក់ភ្លាមៗផងដែរ។​

តាមប្រភពព័ត៌មានពី កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ២បាន ឲ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​ មាន​ករណីហិង្សាម្តងរួចមកហើយ​ៗ ក៏​មាន​យុវជនម្នាក់រងរបួសធ្ងន់ ត្រូវរថយន្ត​សង្គ្រោះ​មន្ទីរ​ពេទ្យឯកជនជិតកន្លែងកើតហេតុ​ដឹក​បញ្ជូនទៅមន្ទីរ​ពេទ្យ​កាល់ម៉ែត​រួច​មក​ហើយ​ ទើបពួកគាត់នៅកន្លែងកើតហេតុ​ឃាត់ជនបង្កក្រោយពេល​ដេញវាយគ្នានៅតាមផ្លូវ ដូចហ្វូងគោ​ថែម​ទាំង​ឃាត់ជនបង្ក២នាក់ភ្លាមៗផងដែរ។​

ក្រោយពេលកើតហេតុជនបង្ក២នាក់ត្រូវកម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅ២ យកទៅភ្លាមៗផងដែរ។ បន្ទាប់មកភាគីរងគ្រោះទាំង៤នាក់មិន​បាន​ប្ដឹង​គ្រាន់តែ ឲ្យភាគីបង្កសងថ្លៃជួសជុលម៉ូតូដែលខូចខាតចំនួន១០០ដុល្លារ និងឲ្យសមត្ថកិច្ចអប់រំហៅអាណាព្យាបាល ឲ្យមកធ្វើកិច្ចសន្យា ឲ្យត្រឡប់ទៅវិញ៕ សុខាសែនជ័យ


ចែករំលែក៖