ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី រត្ន័ខេមរុណ អញ្ជេីញចុះសម្របសម្រួលជាមួយ កម្មកររោងចក្រ ណាន តាយ ជាង២០០នាក់ ផ្ទុះការតវ៉ា ទាមទារប្រាក់បៀវត្សរ៍មួយចំនួនពីថៅកែរោងចក្រ

ចែករំលែក៖

ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រ ណានតាយ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យប្រមាណ២០០នាក់លើកម្មករសរុប ៣១៤នាក់ បានផ្ទុះកូដកម្មតវ៉ាទាមទារ ប្រាក់បៀវត្សរ៍ជាច្រើនចំណុច ពីថៅកែរោងចក្រ បង្កការភ្ញាក់ផ្អើលនាវេលាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ។

ចំណុចនៃការទាមទារទាំងនោះរួមមាន : ប្រាក់ជូនដំណឹងមុន , ប្រាក់បំណាច់បណ្តេញ , ប្រាក់សោហ៊ុយជម្ងឺចិត្ត , ប្រាក់ទូទាត់ការឈប់សម្រាកប្រចាំឆ្នាំដែលកម្មករមិនទាន់បានប្រើ , ប្រាក់ឈ្នួលចុងក្រោយ ។

នៅព្រឹកថ្ងៃខែឆ្នាំដដែល គេសង្គេតឃើញមានវត្តមាន អាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ត្រីស្រសួងការងារ ចុះអន្តរាគមន៍សម្របសម្រួលបងប្អូនកម្មករកម្មការនីដល់រោងចក្រ និងបានកោះហៅតំណាងរោងចក្រ ចូលជួបប្រជុំគ្នាដើម្បីរិះរកដំណោះស្រាយ ជូនបងប្អូនកម្មករ ។

ក្រុមកម្មករឲ្យដឹងថា កាលដើមឡើយរោងចក្រ មានកម្មករសរុបជាង៥០០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ៣១២នាក់ប៉ុណ្ណោះ ដោយកម្មករ២០០នាក់ ត្រូវបានថៅកែក្រុមហ៊ុនបញ្ចប់កុងត្រាការងារ ដោយមានបើកប្រាក់ខែឲ្យរួចរាល់ហើយបញ្ឈប់ការងារពួកគេតែម្តង ក្រោមហេតុផលថា ពុំមានការងារឲ្យធ្វើទៀត។ ក្រុមកម្មករ២០០នាក់ ដែលផ្ទុះការតវ៉ា ឲ្យដឹងថា កាលពីកំឡុងខែសីហា ឆ្នាំ២០១៧កន្លងទៅ ថៅកែរោងចក្របានប្រាប់មកកាន់កម្មករថា រោងចក្រនឹងផ្លាស់ប្តូរឈ្មោះ ហើយអាចឈានដល់ការបិទទ្វារអាជីវកម្ម ដោយថៅកែបានគុណគូរអតីតភាពការងារដល់កម្មករក្នុងម្នាក់៦០ដុល្លារ ប៉ុន្តែកម្មករមិនយល់ស្របឡើយ ព្រោះបើគុណគូរពីអតីតភាពការងារ បូកសរុបជាមួយប្រាក់បំណាច់ឆ្នាំ និងប្រាក់ផ្សេងៗទៀតដូចចំណុចដែលបានរៀបរាប់ខាងលើ គឺក្រុមកម្មករអាចទទួលបានពី ៧០០ដុល្លារ ដល់១០០០ដុល្លារ ទៅតាមរយះកាលដែលខ្លួនបានធ្វើ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងឲ្យដឹងថា ក្រោយការ ការពិភាក្សាប្រជុំរកដំណោះស្រាយ អស់រយះពេលជាង១ម៉ោងរួចមក អាជ្ញាធរសម្រេចយកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃដោះស្រាយបញ្ចប់បញ្ហានេះជូនបងប្អូនកម្មករឲ្យបានរួចស្រេច ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ ។ លោកលើកឡើងថា ចំពោះមូលហេតុ ដែលអាជ្ញាធរមិនអាចដោះស្រាយជូនបងប្អូននៅថ្ងៃនេះបាន គឺដោយសារម្ចាស់រោងចក្រដែលជនជាតិចិន កំពុងជាប់រវល់នៅឯប្រទេស លុះថ្ងៃទី៦ទើបត្រឡប់មកវិញ ទើបអាជ្ញាធរសម្រេចដោះស្រាយនៅថ្ងៃទី៦តែម្តង ។

លោកអភិបាលរងបន្ថែមថា រាល់ចំណុចដែលបងប្អូនទាមទារ នឹងត្រូវយកមកពិភាក្សាជាថ្មី នៅថ្ងៃទី៦ ហើយក៏ជាថ្ងៃដែលសម្រេចបញ្ចប់ការប្រឈមរបស់បងប្អូននៅថ្ងៃនោះដូចគ្នា ព្រោះបច្ចុប្បន្នរោងចក្រ មានតែផ្នែករដ្ឋបាលជាអ្នកមើលការខុសត្រូវ ដូច្នេះផ្នែករដ្ឋបាលមិនអាចសម្រេចអ្វីបានក្រៅតែពីរងចាំថៅកែរោងចក្រមកវិញនោះទេ ។

ទន្ទឹមនឹងនោះ លោកឌី រ័ត្នខេមរុណ ក៏សូមអំពាវនាវបងប្អូនកម្មករកម្មការនីរោងចក្រទាំងអស់ មេត្តារក្សាភាពស្ងប់ស្ងាត់ និង រក្សារបៀបរៀបរយឲ្យបានល្អ ហើយចូលបម្រើការងារក្នុងរោងចក្រតាមជំនាញរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំធ្វើអ្វីខុសប្រក្រតី ឬក៏ការប្រមូលផ្តុំនាំគ្នាធ្វើកូដកម្មលើកប៉ាដាបិទផ្លូវសាធារណះ តាមការញុះញ៉ុងក្នុងចេតនាទុច្ចរិតណាមួយរបស់ក្រុមជនអគិតិមួយចំនួនក្នុងសង្គម ជាដើម ដែលអាចបង្កភាពចលាចលដល់សង្គមរបស់យើង

ក្នុងការចុះដោះស្រាយផលប្រឈមជូនបងប្អូន ដោយយល់ឃើញមានការលំបាករបស់បងប្អូននាំគ្នាឈរក្រោមកំដៅថ្ងៃ លោកអភិបាលរង ក៏បានឧបត្ថម្ភទឹកសុទ្ធចំនួន ៧៥យួរ ចែកជូនបងប្អូនពិសារផងដែរ ៕ ស តារា


ចែករំលែក៖