ភ្នំពេញ៖ ស្របនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីបង់ក្លាដេសមកកាន់ប្រទេសកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្សភាពាណិជ្ជកម្មកម្ពុជានិងបង់ក្លាដេស បង្កើតកម្មវិធី និងព្រឹត្តិ ការណ៍ផ្លាស់ប្តូរជំនួបធុរកិច្ច សម្រាប់សហគ្រិនស្ត្រីវ័យក្មេង និងសហគ្រាសធុនតូច និង ធុនមធ្យម (SME) នៃ ប្រទេសទាំងពីរ។
មានប្រសាសន៍ក្នុងឱកាសស្វាគមន៍នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស និងវេទិកា ពាណិជ្ជកម្មកម្ពុជា-បង់ក្លាដេស នៅរសៀលថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៧នេះ នៅទីក្រុងភ្នំពេញ ឯកត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តដល់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក (GMAC) ឲ្យធ្វើការ ពង្រឹងកិច្ចសហការជាមួយប្រទេសបង់ក្លាដេសលើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពពលករជំនាញ ដើម្បីលើកកម្ពស់ ចង្វាក់តម្លៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លើសពីនេះឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សហព័ន្ធស្រូវអង្ករ កម្ពុជាផងដែរ ឲ្យធ្វើការសហការជាមួយបង់ក្លាដេស ដើម្បីវិនិយោគលើវិស័យកសិកម្ម និងជំរុញការនាំចេញ ផលិតផលកសិកម្មទៅកាន់បង់ក្លាដេសនិងប្រទេសទីបី ដែលកម្ពុជាមានចំណែកទីផ្សារធំ នក្រោមកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីផ្តល់ដោយប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនដល់ប្រតិភូបង់ក្លាដេសអំពីស្ថានភាពម៉ាក្រូ សេដ្ឋកិច្ច, បរិយាកាសធុរកិច្ច, លក្ខខណ្ឌវិនិយោគ, គម្រោងហេដ្ឋារចនាសម្ព័ន្ធនិងទីផ្សារសំខាន់ៗរបស់កម្ពុជា ក្នុងគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើនពីបង់ក្លាដេស មកលើវិស័យអទិភាពមួយចំនួនដែលបាន កំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាCTIS ឆ្នាំ ២០១៤-២០១៨។
លោកស្រី សេក្ខ ហាស៊ីណា (SHEIKH HASINA) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លា ដេស បានសម្តែងក្តីរីករាយអំពីទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរនាពេលកន្លងមក និងសង្ឃឹមថាបន្ទាប់ពី ប្រទេសទាំងពីរបាន ក្លាយជាមិត្តជិតស្និទ្ធហើយនោះទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្ម នឹងប្រសើរឡើងផងដែរ ពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្មជាដើម។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូម្សិលមិញនេះ កម្ពុជានិងបង់ក្លាដេស បានចុះអនុស្សរណៈយោគ យល់គ្នា ស្តីពីការពង្រឹងកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម។ តាមរយៈអនុស្សរណៈ នេះ គេរំពឹងថានឹងជួយបង្កើនកិច្ចសហការកាន់តែរឹងមាំថែមទៀត សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ៕ ស តារា