ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីខណ្ឌមានជ័យមកជាប់ខ្នោះដៃត្រឹមនគរបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងនៅខណ្ឌមានជ័យបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន ក៏ប្រទះជាមួយកម្លាំងល្បាតប៉ុស្ដិ៍ ឃើញ​ម៉ូតូ និង​ភិនភាគ​ជនសង្ស័យ ក៏​ជិះ​ដេញតាម​ឃាត់ខ្លួន​បាន​ទាំង២នាក់​តែម្តង​ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី​វេលា​ម៉ោង៧យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាំង២នាក់​នេះ ទី១.ឈ្មោះ រស់ ណា​រ៉ុង អាយុ១៩ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ជិត​សាលា​កសិកម្ម ក្នុង​សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ទី២.ឈ្មោះ សេង រស្មី អាយុ២១ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះជួល ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

វត្ថុតាងចាប់យកពី​ជនសង្ស័យ​មានម៉ូតូមួយគ្រឿងម៉ាក​ស៊ុយ​ហ្សុ​៊​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-2728 ។ ដោយជនរងគ្រោះជាម្ចាស់​ម៉ូតូ​ឈ្មោះ ជា ប៊ុន​ណា ភេទ​ស្រី អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​គ្មាន​លេខ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា មុនពេល​កើតហេតុ នារីរងគ្រោះបាន​ជិះ​ម៉ូតូ​ទៅផ្ទះ​បងប្រុស​នៅ​ម្ដុំ​ផ្ទះជួល​ជិត​ផ្សារ​សូ​ឡា ដោយ​ទុក​ម៉ូតូ​នៅក្រោម​ផ្ទះ ហើយ​នាង​បាន​ឡើង​ទៅលើ។ លុះ​ពេល​ចុះមក​ក្រោម​វិញ ក៏ស្រាប់តែ​បាត់​ម៉ូតូ រួច​បាន​ស្រែក​ផ្អើលឆោឡោតែម្តង ។ ភ្លាមៗនោះដែរនារីរងគ្រោះក៏បាន​សុំ​ឲ្យ​ម្ចាស់ផ្ទះ​ឆែក​មើល​តាម​កា​មេ​រា​សុវត្ថិភាព ឃើញ​ជនសង្ស័យ​ទាំង២នាក់​ខាងលើ​កាច់ក​យកទៅ ហើយ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យផងដែរ ។

ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​ក៏បានផ្តល់​ព័ត៌មាន​ទៅតាម​បណ្តា​លខណ្ឌទាំង១២ ស្រាប់តែមួយស្ទុះ​ក្រោយមក មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក ខណ្ឌដូនពេញ ចេញ​ល្បាត ក៏បាន​ប្រទះឃើញ​ម៉ូតូ និង​ភិនភាគ​ជនសង្ស័យ ក៏​ជិះ​ដេញតាម​ឃាត់ខ្លួន​បាន​ទាំង២នាក់​តែម្តង។

បច្ចុប្បន្នទាំង២នាក់កំពុង​សាកសួរ និង​ធ្វើ​កំណត់ហេតុនៅនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ដើម្បី​ចាត់ការ​តាមនីតិវិធី ។ ចំណែក​ម៉ូតូត្រូវបានសមត្ថកិច្ច​ប្រគល់​ឲ្យ​នារី​រងគ្រោះ​ដោយផ្ទៀងផ្ទាត់​ឯកសារ​ រួច​ប្រគល់​ឲ្យ​វិញ​​ផងដែរ ៕ អរុណរះ


ចែករំលែក៖