ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេចភ័យស្លន់ស្លោត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ មិនបានសម្រេច ភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់។ ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការៀបរាប់របស់ស្ត្រីម្នាក់ឈ្មោះ ហុី ស្រីអូន អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ជាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានស្ពាយកាបូបពណ៌ខ្មៅ ដើរតាមផ្លូវគោលបំណងឆ្លងផ្លូវរកម៉ូតូឌុបជិះ ស្រាប់តែមានជនសង្ស័យមួយក្រុមមាន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស៊ុយសុីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR8784 ចំណែកមួយគ្រឿងទៀត មិនចាំម៉ាកបានជិះមកក្បែរ ហើយក៏មានជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយតែមិនបានសម្រេច បណ្តាលឲ្យដួលរងរបួសភ្លាមៗនោះគាត់ក៏ស្រែកថា ចោរៗធ្វើឲ្យជនសង្ស័យភ័យក៏ផ្តួលម៉ូតូចោលរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុស្ត្រីរងគ្រោះបានទៅកាន់មន្ទីរពេទ្យព្យាបាលរបួស ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពេលក្រោយ។

ស្រី្តរងគ្រោះបានប្រាប់ថា នៅក្នុងកាបូបនោះមានប្រាក់មួយចំនួន ទូរស័ព្ទដៃ១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹកប៉ុណ្ណោះ៕ តុង សីហា


ចែករំលែក៖