ព័ត៌មានទាន់ហេតុការណ៍៖

ច្រកអូរ៣ជាន់ចេញនាំចូលគោ ក្របី មាន់ និងមានកុងត្រុលជជុះសម្បូរបែប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សកម្មភាពឈ្មួញនាំចូលសត្វគោ ក្របី និងមាន់​តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានទ្រង់ទ្រាយធំ និងសម្រុកយ៉ាងខ្លាំង ប្លែកពីច្រកទ្វេភាគី ច្រកអន្តរជាតិ ដែលជាច្រកស្របច្បាប់ទៅទៀត។

តាមតួលេខដែលគេទទួលបាន​ក្នុងមួយថ្ងៃ ចំពោះរថយន្តដឹកមាន់រស់ ទាំងឡានតូច និងឡានធំ យ៉ាងតិច៤០គ្រឿង ក្នុងនោះ ចំណោម៤០គ្រឿងដឹកមាន់ មានត្រឹម១គ្រឿងទៅ២គ្រឿងប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្រៅពីនោះ លោតឆត្រសឹង៩០ភាគរយទៅហើយ។

ដោយឡែកការដឹកគោ ក្របីពីប្រទេសថៃឆ្លងតាមច្រកអូរបីជាន់នេះ ត្រូវបានគេដឹងថា គឺជាសែស្រឡាយរបស់លោក​ផ្កាយ៤ សួស អង្គា គ្មានអ្នកណាហ៊ានប៉ះពាល់ទាំងច្រកអូរបីជាន់ និងទីតាំងកុងត្រូលជជុះជាច្រើនកន្លែងទៀត ក្នុងនោះ សូមតែខាងជំនាញពេទ្យសត្វ ក៏មិនបានទទួលខុសត្រូវ ពិនិត្យលើសុខភាពសត្វនាំចូលឡើយ ព្រោះខ្លាចរលាកដៃនូវឥទ្ធិពលអំណាចលោកផ្កាយ៤សួស អង្គា ។

ចំពោះរថយន្តដឹកមាន់ មានទាំងឡានតូច និងរថយន្តយីឌុបកង់១០ ក្នុងមួយថ្ងៃមិនតិចជាង៤០គ្រឿង ទោះជាមាន​ច្បាប់ ឬគ្មានច្បាប់ ក្នុងនោះដែលគេសន្មត់ថា មានច្បាប់ត្រឹមតែ១ភាគរយ រាល់ការជញ្ជូនមាន់តែប្រឈមទៅនឹងការ​គំរាមកំហែងតម្រូវឲ្យបង់ប្រាក់ ពីសមត្ថកិច្ចតាមកុងត្រូលជជុះជាច្រើនស្ថាប័នដូចជា៖ ១ ខាងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បង្ខំឲ្យឈ្មួញបង់លុយក្នុង១ឡានយ៉ាងតិច៣០ម៉ឺនរៀល ចំពោះឡានដឹកមាន់អត់ច្បាប់តម្លៃ២០ម៉ឺនរៀលសម្រាប់ដឹកមាន់មានច្បាប់។ ២ ខាងគយចល័ត នៅសាលាក្រហម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ ក៏ឆ្ងាញ់នឹងប្រមែប្រមូលពីឡានដឹកមាន់ តម្លៃខ្ពស់ជាងគេ ក្នុងនោះឡាន់ដឹកមាន់អត់ច្បាប់ ចូលបង់១ឡាន៥០ម៉ឺនរៀល បើមានច្បាប់ចំនួន៣០ម៉ឺនរៀល ។ ៣ ខាងជំនាញពេទ្យសត្វ ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ ទូច តម្រូវឲ្យឈ្មួញដឹកមាន់អត់ច្បាប់បង់១ឡាន៤០ម៉ឺនរៀល មានច្បាប់៣០ម៉ឺនរៀល និងទី៤ ខាងមន្ត្រីសាលខាខេត្តបន្ទាយមានជ័យ ក៏មានវត្តមានចាំយកលុយពីឡានដឹកមាន់ ដោយមិនគិតថាមានច្បាប់ ឬអត់ច្បាប់ គឺ១ឡានបង់ចំនួន២០ម៉ឺនរៀល ដូច្នេះចំណូលរបស់អ្នកគ្រប់គ្រងច្រកអូរបីជាន់ ដោយកម្លាំងយោធារបស់យុទ្ធភូមិភាគទី៥ ក៏ដូចជាក្រុមកុងត្រូលជជុះចំនួន៤ស្ថាប័ននេះ បានប្រមូលលុយពីសកម្មភាពដឹកជញ្ជូនមាន់ខុសច្បាប់ ពីប្រទេសថៃ បានយ៉ាងច្រើនក្នុងមួយថ្ងៃៗ ខណៈក្នុងមួយថ្ងៃ​មានឡានដឹកមាន់មិនតិចជាង៤០គ្រឿងនោះ។

ក្រៅអំពីសមត្ថកិច្ចខាងលើ លោកហ៊ុយ ទូច ដែលជាមេពេទ្យសត្វកំពូលខាងកោសរុសបន្ថែម ទារលុយពីក្រុមឈ្មួញដឹកមាន់ទាំងខុសច្បាប់ មានច្បាប់ ដឹងតែមួយឡាន១០០ដុល្លារ ហើយទម្លាប់នេះ គាត់ធ្វើបានជោគជ័យមកទល់បច្ចុប្បន្ន ។ គួររំលឹកថា ច្រកអូរបីជាន់ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសបិទមិនឲ្យដំណើរការ ប៉ុន្តែអាជ្ញាធរខេត្តនៅតែបន្តឲ្យមានសកម្មភាពចរាចរណ៍ទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់នេះ ភាគច្រើនជាទំនិញគេចពន្ធ ក្នុងនោះការនាំចូលគោ ក្របី សត្វមាន់ ល្មើសច្បាប់ និងមិនបានពិនិត្យសុខភាពសត្វ ប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាពដល់ប្រជាជន ដែលជាអ្នកបរិភោគក្នុងស្រុក។ បញ្ហានេះគួរតែអាជ្ញាធរខេត្តបន្ទាយមានជ័យ មានវិធានការលុបបំបាត់តាមប្រកាសរបស់ក្រសួងមហាផ្ទៃ មិនត្រូវឲ្យទំនិញហូរចូលគ្មានពន្ធ និងសត្វគ្មានសុខភាពដ៏គគ្រឹកគគ្រេងបែបនេះទេ ក្នុងនោះសូម្បីតែមន្ត្រីសាលាខេត្ត​នៅច្រកអូរបីជាន់ ក៏មានភារកិច្ចចាំរាប់ក្បាលឡានដឹកមាន់យកលុយផងដែរក្នុងមួយគ្រឿង២០ម៉ឺនរៀល។

ប្រភពគួរឲ្យជឿទុកចិត្តទម្លាយថា ច្រកអូរបីជាន់ដែលគ្រប់គ្រងដោយយោធាក្នុងយោធភូមិភាគទី៥ មានហ៊ានដេញថ្លៃ ក្នុង១ខែមិនតិចជាង៣០ម៉ឺនដុល្លារឡើយ ដោយសារច្រកអូរបីជាន់នេះ សម្បុកលំហូរចូលទំនិញគេចពន្ធទាំងស្រុង៕ សុខ ខេមរា

លោកហ៊ុយ ទូច


ចែករំលែក៖