ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តមួយគ្រឿងនិងមនុស្សពីរនាក់ដឹកផាវគ្រាប់បែកដែលហាមលក់លើទីផ្សារ 

ចែករំលែក៖

ខេត្តរតនគិរី: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយ នាយការិយាល័យប្រឆាំងភេរវកម្មកងរាជអាវុធហត្ថខេត្តរតនគិរី សហការបន្តជាមួយកម្លាំងនគរបាលក្រុងបានលុង បានឃាត់រថយន្តមួយគ្រឿងបន្ទាប់ពីដឹងថា រថយន្តនេះ ដឹកកេស គ្រាប់បែកផាវ យកមកចែកចាយនៅខេត្តរតនគិរី ។

ការឃាត់រថយន្តដឹកគ្រាប់បែកផាវនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃ១រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ គ.ស. ២០១៧ នៅក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចបានឃាត់រថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-0171មួយគ្រឿង និងឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ជាម្ចាស់រថយន្ត) និងទី២ឈ្មោះ សេង ប៉ាវ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាងផ្លាកទីន ទីលំនៅបច្ចុប្បន្ន ភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាម្ចាស់អីវ៉ាន់។ ក្រោយពីត្រួតពិនិត្យដកហូតបាន កេស គ្រាប់បែកផាវ ចំនួន៦ កេស មានចំនួន៣៦កញ្ចប់ ស្មើនឹង៥៤០០គ្រាប់ ដែលវត្ថុទាំងអស់នេះត្រូវបានហាមឃាត់ មិនឲ្យធ្វើការលក់ដូរនៅទីផ្សារ ឬ តាមទីសាធារណៈនោះទេ។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុង ខេត្តរតនគិរីដើម្បីចាត់វិធានបន្តតាមច្បាប់៕ សហការី


ចែករំលែក៖