ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្តីប្រពន្ធវ័យក្មេង ខ្ចីរថយន្តក្រុមហ៊ុនយកទៅជិះ បែរជាយកទៅបញ្ចាំត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសស្ត្រីវ័យក្មេង២នាក់ប្តីប្រពន្ធ​ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ខណ្ឌដូនពេញ ឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះពីបទរំលោភសេចក្តីទុកចិត្តករណីខ្ចីរថយន្តជិះបែរជាយកទៅដាក់បញ្ចាំ។

ការឃាត់ខ្លួនធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស. ២០១៧ នៅផ្ទះជនសង្ស័យក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា តាមរយៈពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា រថយន្តម៉ាកយ៉ូតូតាPRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-1046 ដែលជនសង្ស័យយកទៅបញ្ចាំនោះ គឺជាកម្មសិទ្ធិរបស់ឈ្មោះ ម៉េង ម្ចាស់គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ អូ រ៉ូ ហ្វាយនែន (អូរ៉ូ) មានអាសយដ្ឋានលេខ១៤៧ មហាវិថី ព្រះមុនីរេត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងតាមបណ្តឹងរបស់ឈ្មោះ ឱក សុខពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ បាន ប្តឹងឈ្មោះ រ័ត្ន វណ្ណៈ អាយុ២៧ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ លី លក្ខិណា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១០៥Eo ផ្លូវលេខ ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញពី បទរំលោភសេចក្តីទុកចិត្តករណីខ្ចីរថយន្តជិះបែរជាយកទៅដាក់បញ្ចាំ ៕ ស តារា


ចែករំលែក៖