ភ្នំពេញ៖ ក្រោយចូលរោងការជិត២ឆ្នាំតារាសម្តែងស្រីសាច់ខ្ចីគួរឲ្យខ្នាញ់ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ប្រាថ្នាចង់បានកូនពរភ្លាមៗក្រោយរៀបការនោះ។ ពេលនេះពួកគេសម្រេចបានក្តីបំណងមួយនេះហើយ គ្រាដែលគង់ច័ន្ទស្រីមុំកំពុងពរពោះកូនដែលជាតំណក់ឈាមរួមគ្នាជិត២ខែហើយ ។
កន្លងមកស្នេហារបស់ គឹម សីហា និង គង់ ច័ន្ទស្រីមុំ ទទួលបានការកោតសរសើរយ៉ាងខ្លាំង គ្រាដែលស្នេហាអ្នកសិល្បៈមួយនេះលេចចេញភាពផ្អែមល្ហែមជាបន្តបន្ទាប់ ។ ពួកគែបានប្រកាសទទួលយកកំណើតកូនភ្លាមៗដើម្បីពង្រឹងចំណងស្នេហ៍ពួកគេកាន់តែរឹងមាំ គ្រាដែលឪពុកម្តាយពួកគេសុទ្ធតែចង់ពរចៅឆាប់ៗដូចគ្នា។ ដើម្បីបង្កើនភាពផ្អែមល្ហែម និងបំពេញបំណងប្រាថ្នាមានកូនរួមគ្នានេះ ពួកគេបានព្យាយាមស្វែងរកទីកម្សាន្តនៅក្រៅប្រទេសជាច្រើន ប៉ុន្តែបំណងនេះហាក់នៅមិនទាន់មានពន្លឺនៅឡើយបើទោះបីពេលខ្លះពួកគេបានឆ្លៀតពេលចេញទៅសាងភាពផ្អែមល្ហែមនៅក្រៅប្រទេសក្តី។
អ្នកជិតដិតតារាប្រុសស្រីរូបនេះលើកឡើងថា ស្រីមុំ និងសីហា កំពុងខ្វាយខ្វល់ច្រើនអំពីរឿងគ្មានកូននេះ ហើយថ្មីៗនេះ តារាសម្តែង ទាំងពីរបានបង្ហាញវត្តមាននៅវត្តព្រះធម្មកាយ ហៅវត្តថាសហោះនៅលើទឹកដីនៃប្រទេសថៃ ដើម្បីបួងសួងសុំសេចក្តីសុខ ពិសេសគឺការបួងសួងសុំកូន ព្រោះតែវត្តនេះមានភាពល្បីល្បាញខ្លាំងសម្រាប់អ្នកគ្មានកូន ហើយមកបែបន់សុំឲ្យឆាប់មានកូននោះ។ កូនគឺជាបំណងប្រាថ្នាធំសម្រាប់ជីវិតពួកគេក្រោយមុខជំនួញ ផ្នែកផលិតផលសម្រស់ពួកគែទទួលបានជោគជ័យ។
ពេលនេះអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ទើបតែទទួលបានដំនឹងល្អ ដោយអ្នកនាង បានប្រកាសឲ្យដឹងថា ខ្លួនមានគភ៌ ជាមួយនឹងភាពរំភើបជាខ្លាំង។ អ្វីដែលគួរឲ្យកត់សម្កាល់នោះគឺអ្នកនាង បានផ្លាស់ប្ដូរទម្លាប់ជាច្រើនចាប់តាំងពីដឹងថាខ្លួន កំពុងតែមានគភ៌ ដោយអ្នកនាង ផ្លាស់ប្ដូរមករៀបចំខ្លួនបែបសាមញ្ញទាំងការស្លៀកពាក់ ទាំងការពាក់ស្បែកជើងកែងខ្ពស់មកពាក់ស្បែកជើងរាបៗវិញ។ នាងបង្កើនទម្លាប់អានសៀវភៅ ដែលអាចបញ្ជាក់បានថាពួកគេកំពុងត្រៀមខ្លួនជាស្រេចដើម្បីសម្រេចបំណងធំមួយនេះ៕ វឌ្ឍនា