ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអាហ្រ្វិកនិងប្រពន្ធជនជាតិខ្មែរ ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនរកឃើញកញ្ឆាមួយកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ ខណៈដាក់គោលដៅ ឆែកឆេរអាវុធជាតិផ្ទុះនឹងច្បាប់ចរាចរណ៍បាន ឃាត់ជនជាតិអាហ្រ្វិក ម្នាក់និងស្រ្តីខ្មែរម្នាក់ បន្ទាប់ពីរកឃើញមានកញ្ឆាមួយកញ្ចប់ធំល្មមនៅជាប់នឹងខ្លួនរួចបានបញ្ជូនទៅផ្នែកនគរបាលព្រហ្មទណ្ឌចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧ នៅណុចមុខផ្សារជែនជូរីប្លាហ្សា ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីភូមិ ក្នុងភូមិតាងួនសង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាជនសង្ស័យជនជាតិអាហ្រ្វិក ឈ្មោះ ជី ប៊យ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅ ផ្ទះសំណាក់ ច័ន្ទពេញវង់ ស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែកឯស្ត្រីខ្មែរម្នាក់ឈ្មោះចាន់ លីន អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ច័ន្ទពេញវង់ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

ជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកហុងដា អ៊ាប្លេដ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញGN,8185 ។

តាមប្រភពព័ត៌មានពីលោក អនុសេនីយ៍ឯកជួប ភក្តី បានឲ្យដឹងថាកម្លាំងមុនពេលកើតហេតុកម្លាំងចម្រុះរបស់ខណ្ឌពោធិ៍សែនជ័យបានចុះឆែក អាវុធជាតិផ្ទុះ នឹងច្បាប់ ចរាចណ៍ នៅចំណុចខាងលើ ដោយបានឆែកឆេរ រថយន្តសរុបចំនួន១៥គ្រឿង ម៉ូតូចំនួន៣០គ្រឿង ក្នុងនោះម៉ូតូ៥គ្រឿងអត់ស្លាកលេខ ក្រោយពីទិញ៥ថ្ងៃមិនទាន់ធ្វើលេខ និងម៉ូតូកែឆ្នៃ ចំនួន៤គ្រឿង យកធ្វើកាអប់រំ។ លុះមកដល់ ម៉ោងកើតហេតុខាងលើ មានជនសង្ស័យជនជាតិ អាហ្រ្វិក នឹងនារីខ្មែរម្នាក់ជិះម៉ូតូ មកដល់ សមត្ថកិច្ចហៅឲ្យឈប់ស្រាប់តែរកឃើញកញ្ឆាមួយកញ្ចប់ធំល្មម នៅក្នុង កាបូបដៃនារីខាងលើ ហើយក៏ឃាត់ខ្លួនបញ្ជូនទៅផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យភ្លាមៗផងដែរ។ពេលនោះជនជាតិអាហ្វ្រិក និងនារីខ្មែរ ខាងលើ បានសារភាពថា កញ្ឆានៅក្នុងកាបូបដៃរបស់ខ្លួនជារបស់ប្តីរបស់នាង ជាជនជាតិអាហ្វ្រិក រូបនេះហើយនាងបានបញ្ជាក់ទៀតថាប្តីតែងជក់កញ្ឆាជាទម្លាប់ទៅហើយ ខណៈដែល រូបនាងមាន ទំនាក់ទំនងស្នេហាជាមួយជនបរទេសខាងលើបានប្រមាណ៣ខែមកហើយតាមរយៈឆាតតាមហ្វេសបុក ហើយពេលនេះនាងមានផ្ទៃពោះចំនួន២ខែទៀតផង ។

ក្រោយពីកាសាកសួរទៅលើជនសង្ស័យទាំង២នាក់ដោយមានវត្ថុតាងខាងលើ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានកសាងសំណុំរឿងបញ្ជូូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ប្រាថ្នា


ចែករំលែក៖