ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទខេត្តកំពង់ធំឈឺចាប់នឹងពួកមន្ត្រីជលផល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជានេសាទលក្ខណៈគ្រួសារដើម្បីចិញ្ចឹមក្រពះនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំអះអាងថា នរណាក៏ល្បីល្បាញ និងគេដឹងឮគ្រប់គ្នាដែរថា មន្ត្រីរដ្ឋបាលជលផល ក្រោមអំណាចគ្រប់គ្រងលោកប៉ែន វណ្ណរិទ្ធ ត្រូវតែបង់ប្រាក់ឲ្យពួកគាត់ទើបអាចនេសាទបាន។ ប្រសិនបើមិនបង់លុយឲ្យទេ ប្រាកដជាត្រូវមន្ត្រីជលផលចាប់ថតផ្សាយបង្ហាញស្នាដៃមិនខានឡើយ។ ថ្នាក់លើមិនដឹងស្មានថា ពួកជលផលកំពង់ធំសកម្មខ្លាំងណាស់។ តាមពិត គឺចាប់តែប្រជាពលរដ្ឋក្រីក្រ ដែលនេសាទមិនបង់ប្រាក់ឲ្យពួកខ្លួនប៉ុណ្ណោះ។

ក្រុមមន្ត្រីជលផលក្រោមអំណាចលោកប៉ែន វណ្ណរិទ្ធ ដូចជាលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គឺជាមេក្លោងធំ និងជាសេនាដៃស្តាំនាយខណ្ឌប៉ែន វណ្ណរិទ្ធ ដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ក្នុងការចុះប្រមូលប្រាក់ពីបទល្មើសគ្រប់ប្រភេទ។ ក្នុងនោះក៏មានលោក ហួន ផល លោកប៉ែន សារ៉ាត ក៏ជាមន្ត្រីជំនាញក្នុងការគៀងគរ ណែនាំឲ្យពួកឈ្មួញប្រព្រឹត្តល្មើសនេសាទដើម្បីពួកខ្លួនបានប្រាក់។ បទល្មើសនេសាទ ដែលពួកមន្ត្រីជលផលខេត្តកំពង់ធំអាចប្រមូលប្រាក់បានដោយស្រួលនោះ រាប់ទាំងពីការរាវរកលៀស, ការនេសាទត្រី ក៏ដូចជាការកាប់បំផ្លាញព្រៃលិចទឹកជាដើម។

បទល្មើសធំៗកំពុងកើតឡើងនៅអតីតឡូត៍លេខ២ និងតំបន់អភិរក្ស ដែលជាកន្លែងរក្សាពូជត្រី។ អ្នកនេសាទជនជាតិវៀតណាមឃុបឃិតជាមួយអាជ្ញាធរបង់ប្រាក់ឲ្យពួកមន្ត្រីជលផលគឺពួកគេអាចនេសាទបានតាមអំពើចិត្ត។ ការនេសាទត្រីដោយប្រើឧបករណ៍ឆក់ក្តៅ, ត្រជាក់ ធ្វើសកម្មភាពជាចំហរសម្រាប់អ្នកបង់ប្រាក់ឲ្យមន្ត្រីជលផល។ រីឯប្រជាពលរដ្ឋដែលនេសាទដើម្បីចិញ្ចឹមក្រពះត្រូវក្រុមលោកប៉ែន វណ្ណរិទ្ធចាប់ថតផ្សាយបង្ហាញស្នាដៃ បង្អួតថ្នាក់ដឹកនាំរបស់ខ្លួន។ តាមពិតអ្នកនេសាទជនជាតិវៀតណាម ដែលបង់ប្រាក់ឲ្យពួកមន្ត្រីជលផលទាំងនោះប្រសិនបើថ្នាក់លើបញ្ជាឲ្យពួកមន្ត្រីជលផលខេត្តកំពង់ធំចុះបង្ក្រាប ពួកគេតែងតែជូនដំណឹងឲ្យពួកអ្នកនេសាទល្មើសច្បាប់ផ្អាកសកម្មភាព ។

បទល្មើសយ៉ាងក្តៅគគុកនៅតំបន់ពាមបាង ដោយមានការសម្របសម្រួលពីអតីតមេឃុំពាមបាងនៅទីនេះ បទល្មើសកើតឡើងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការខ្លាចក្រែងអ្វីបន្តិចឡើយ។ អតីតមេឃុំពាមបាង លោកផាន់ ផាន គឺជាអ្នកសម្របសម្រួល និងជាអ្នកវេចលុយជូនពួកមន្ត្រីជលផលខេត្តកំពង់ធំ។ ពួកគេទិញបទល្មើសនៅក្នុងតំបន់ពាមបាង ដោយមិនអនុញ្ញាតឲ្យបណ្តាជនខ្មែរណាអាចចូលនេសាទជាលក្ខណៈគ្រួសារបានឡើយ។ ពួកមន្ត្រីជលផលក្រោមអំណាចលោកប៉ែន វណ្ណរិទ្ធ ផ្តល់អំណាចឲ្យអតីតមេឃុំពាមបាងចាត់ចែងបទល្មើសនៅតំបន់នោះ។

ថ្នាក់ដឹកនាំខេត្តកំពង់ធំមិនមែនមិនដឹងថា បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តនេះមានបទល្មើសនោះទេ ។ ប៉ុន្តែការទទួលបានលាភសក្ការបន្តិចបន្តួចគឺជាមូលហេតុដែលធ្វើឲ្យពួកមន្ត្រីជលផលទាំងនោះប្រព្រឹត្តល្មើសជាចំហរ។ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏យ៉ាងដូច្នោះដែរ ប៉ុន្តែដោយសារតែអំពើពុករលួយ និងលាភសក្ការនេះហើយ ទើបបានជាពួកមន្ត្រីជលផលខេត្តកំពង់ធំ នៅតែបន្តប្រព្រឹត្តល្មើសដោយមិនខ្លាចច្បាប់។

លោកយ៉ាន់ វិសាក់នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយអះអាងថា មិនមានបទល្មើសអី្វធំដុំនោះទេ ហើយកម្លាំងរបស់លោកតែងតែបង្ក្រាបជាប្រចាំដែរ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋអ្នកនេសាទមួយចំនួននៅខេត្តកំពង់ធំមើលឃើញថា បទល្មើសបាននិងកំពុងកើតឡើង មិនថារដូវបិទនេសាទ ឬបើកនោះទេ គឺគេអាចមើលដោយភ្នែកទទេឃើញ។ ដូច្នេះការអះអាងថា បទល្មើសមានតិចតួចវាជាការក្បត់នឹងក្រសែភ្នែកខ្លួនឯង៕ ហេង សូរិយា


ចែករំលែក៖