ព័ត៌មានទាន់ហេតុការណ៍៖

លួចដឹកគោអស់ក្រោលឡើងឡាននៅខេត្តពោធិ៍សាត់ទៅជាប់ជុងកងរាជអាវុធហត្ថនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០១ ស្ទាក់ឃាត់ចាប់រថយន្តធុនធំប្រភេទយីឌុប ១គ្រឿង ចំណែកអ្នកបើកបរបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ឆែកឆេរឃើញសត្វគោញី ឈ្មោលចំនួន៧ក្បាល ដែលក្រុមចោរបានធ្វើសកម្មភាពដាក់ថ្នាំបំពុលសម្លាប់សត្វឆ្កែ លួចដឹកចេញអស់ពីក្រោលឡើងរថយន្តនៅខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថនៅខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រតិបត្តិការខាងលើ បង្រ្កាបនៅវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៥រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក.ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្នាក់ការសន្តិសុខ៥០១ ស្ថិតក្នុងភូមិ.ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានខាងលើបន្តថា កិច្ចប្រតិបត្តិការឃាត់ចាប់រថយន្តធុនធំប្រភេទយីឌុប ១គ្រឿងនេះ បានឆែកឃើញសត្វគោញីឈ្មោលចំនួន ០៧ក្បាល ហើយការឈានដល់ឃាត់ចាប់រថយន្តឆែកឃើញសត្វគោនេះ ខណៈដែលកម្លាំងឃាត់រថយន្តដើម្បីត្រួតពិនិត្យ ស្រាប់តែអ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួន ធ្វើឲ្យកម្លាំងកាន់តែសង្ស័យអាចមានបទល្មើសផ្សេងៗ ពេលឆែកឆេរ ក៏បែកធ្លាយរឿងរ៉ាវពាក់ព័ន្ធអំពើចោរលួចបែបនេះតែម្តង។

ប្រភពព័ត៌មានខាងលើបន្តទៀតថា សត្វគោញីឈ្មោលទាំងចំនួន៧ក្បាល សមត្ថកិច្ចបានប្រគល់ជូនម្ចាស់គាត់វិញរួចរាល់នៅថ្ងៃខែ ដដែល ចំណែកវត្ថុតាងមធ្យោបាយដឹកជញ្ជូនរថយន្តបាននាំយកទៅបន្តនីតិវិធី នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

គួររំលឹកថា៖ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង០០នាទីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរតូង សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់។

សមត្ថកិច្ចជំនាញដែលចុះពិនិត្យដល់ទីតាំងកើតហេតុបញ្ជាក់ថា ម្ចាស់គោឈ្មោះ នួន ណាក់ ភេទប្រុស អាយុ ៦៨ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុក សំអៀង អាយុ ៦១ឆ្នាំ រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចនៅទីនោះបញ្ជាក់ថា ជនសង្ស័យអាចមានមនុស្ស២នាក់ ចាស់ម្នាក់ និងក្មេងម្នាក់បើ(តាមការពិនិត្យលើដានជើង) ហើយជនសង្ស័យអាចចូលធ្វើសកម្មភាពក្នុងចន្លោះម៉ោងជាង ១២ទៅ១រំលងអធ្រាត្រ ដោយដាក់ថ្នាំបំពុលសត្វងាប់ និងវង្វេងបាត់អស់ឆ្កែចំនួន៣ ឆ្មាចំនួន២ក្បាល មាន់ចំនួន ១ក្បាលទៀត ទើបចូលលួចដឹកគោពីក្រោលដែលនៅក្បែរកន្ទប់ម្ចាស់ដេកចម្ងាយប្រមាណ២ម៉ែត្រ ចេញតាមក្រោយផ្ទះកាត់ស្រូវប្រជាពលរដ្ឋសំដៅទៅឡើងរថយន្តចម្ងាយប្រមាណជាង៣០០ម៉ែត្រពីផ្ទះប៉ុណ្ណោះ៕ ប៉ឹម ពិន


ចែករំលែក៖