ព័ត៌មានទាន់ហេតុការណ៍៖

បុកតកន្ទុយគ្នារួចកិនស្លាប់ស្ត្រីម្នាក់យ៉ាងអាណោចអាធ័មនៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងអាណោចស្រ្តីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកតកន្ទុយគ្នារួចកិនពីលើនៅស្រុកក្រគរ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧២.១៧៣ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យកាសែតនគរវត្តដឹងថា ស្រ្តីរងគ្រោះ(ស្លាប់)នៅក្រោមកង់រថយន្តឈ្មោះ វណ្ណ ជិន អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ជនរងគ្រោះធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅឆ្ពោះទិសខាងកើត ដោយម៉ូតូ ១គ្រឿងម៉ាកគុប ចង្គៀងមូល សេ៥០ ពណ៌សំបកឥឡឹក គ្មានស្លាកលេខ លុះទៅដល់កន្លែងកើតហេតុបានប៉ះជាមួយគោយន្តកន្រ្តៃខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យដួលម៉ូតូស្របគ្នានោះ ស្រាប់តែមានរថយន្តធុនធំ ១គ្រឿង បើកមកពីក្រោយបានបុកគោយន្តកន្រ្តៃរួចជ្រុលទៅកិនស្រ្តីរងគ្រោះជាប់ក្រោមកង់រថយន្តស្លាប់ភ្លាមៗ។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា រថយន្តម៉ាក ហុីយ៉ាន់ដាយ ចង្កូតឆ្វេង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A 9767 ប្រភេទធុនធំសុីទែន អ្នកបើកបរគោយន្តកន្រ្តៃ និងរថយន្តឃើញហេតុការណ៍បែបនេះរត់គេចខ្លួន។

លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា ហេតុការណ៍ខាងលើអាចបង្កឡើងដោយគោយន្តកន្រ្តៃ ព្រោះគេឃើញកំពុងធ្វើដំណើរ ស្រាប់តែងាករេទៅខាងឆ្វេងទើបម៉ូតូបើកមកប៉ះក៏ដួលបង្កការគ្រោះថ្នាក់តែម្តង ។ ករណីនេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភេទស្រី និងខូចខាតម៉ូតូ គោយន្តកន្រ្តៃ និងរថយន្ត សរុបចំនួន៣គ្រឿង មន្រ្តីនគរបាលជំនាញចរាចរណ៍ផ្លូវគោកបានយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ។ ចំណែកសាក់សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖