ក្រោយពេលប្រធានាធិបតីទួរគីរិះគន់ អីុស្រាអែល នាយករដ្ឋមន្ត្រីអីុស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកមិនធ្លាប់ស្តាប់ការបង្រៀន ពីសីល ធម៌របស់លោក អ៊ែរដូហ្គាននោះឡើយ។
កាលពីថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៧ ប្រធា នាធិបតីទួរគី លោក Erdogan បានរិះគន់ អីុស្រាអែលដោយបើកចំហ និងចាត់ទុក អីុស្រាអែលជាប្រទេសឈ្លានពាន និងជាប្រទេសគាំទ្រភេរវកម្ម។ការរិះគន់ខាងលើធ្វើឡើង ក្រោយពេលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំប្រកាស កាលពីថ្ងៃទី ៦ខែធ្នូ ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។
ឆ្លើយតបទៅនឹងការចោទប្រកាន់ខាង លើ នៅក្នុងសន្និសីទកាសែតរួម ជាមួយ ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១០ ខែធ្នូ នាយករដ្ឋមន្ត្រី អីុស្រាអែល លោក ណេតាន់យ៉ាហូ៊បាន បញ្ជាក់ថា «ខ្ញុំមិនធ្លាប់ ទទួលនូវការបង្រៀនពីសីលធម៌របស់មេដឹកនាំដែលបានទម្លាក់គ្រាប់ កម្ទេចភូមិស្រុករបស់ក្រុមជនជាតិឃើដ នៅក្នុងប្រទេសរបស់ខ្លួននោះទេ»។
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃ១០ ធ្នូ លោកប្រធានាធិបតីនោះទេប្រទេសទួរគីអ៊ែរដូហ្គានបានចាត់ទុកអុីស្រាអែលជារដ្ឋភេរវនិយមដែលកំពុងបន្តសម្លាប់កូន ក្មេង។ ទន្ទឹមគ្នានេះ លោកអ៊ែរដូហ្គានបាន ប្តេជ្ញាចិត្តថា លោកនឹងធ្វើយុទ្ធនាការគ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំដែលបានប្រកាសទទួលស្គាល់ហ្សេ៊រុយសាឡឹមជាទីក្រុងផ្តាច់មុខរបស់អុីស្រាអែល។ ប្រតិកម្មរបស់លោកអ៊ែរដូហ្គាន បានធ្វើឡើង ១ថ្ងៃក្រោយពីលោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោកម៉ាក្រុងនាថ្ងៃសៅរ៍ ទី៩ ធ្នូ។ នៅក្នុង កិច្ចសន្ទនានោះ លោកម៉ាក្រុងស្នើលោក អ៊ែរដូហ្គានឲចូលរួមកាត់បន្ថយសភាព ការណ៍តានតឹងនៅក្នុងតំបន់។
«ប៉ាឡេស្ទីនជាអ្នករងគ្រោះដោយអយុត្តិធម៌ ចំណែកអុីស្រាអែលវិញ ជារដ្ឋភេរវ និយម » នេះជាការប្រកាសក្តែងៗរបស់លោកប្រធានាធិបតីទួរគីអ៊ែរដូហ្គាននៅ ក្នុងសុន្ទរកថាថ្លែងក្នុងទីក្រុង Sivas ស្ថិត ប៉ែកកណ្តាលប្រទេស។ លោកអ៊ែរដូហ្គាន បានបន្ថែមថា លោកនឹងមិនទុកបណ្តោយឲ្យទីក្រុងហ្សេ៊រុយសាឡឹមធ្លាក់ទៅក្នុង កណ្តាប់ដៃរបស់រដ្ឋមួយដែលកំពុងសម្លាប់កូនក្មេងនោះទេ។ កូនក្មេងដែលលោកអ៊ែរ ដូ ហ្គានចង់និយាយ គឺជាជនជាតិប៉ាឡេស្ទីនដែលលោកបានដាក់បញ្ចាំងរូបថតនៅពីក្រោយវេទិកាដែលលោកកំពុងថ្លែងសុន្ទ រកថា។
នៅក្នុងរូបភាពវីដេអូនោះ គេឃើញរូបកូនក្មេងម្នាក់ត្រូវបានគេចងមុខជិត និងត្រូវបានក្រុមមនុស្សមានសម្លៀកបំពាក់ឯក សណ្ឋានដែលគេចាត់ទុកជាទាហានអុីស្រាអែលនាំខ្លួនទៅ។ លោកអ៊ែរដូហ្គានបានធ្វើអត្ថាធិប្បាយលើរូបថតកូនក្មេងនោះ ដោយឌឺដងដាក់អុីស្រាអែលថា អស់លោក មានឃើញទេ តើពួកភេរវជនបាននាំគ្នាធ្វើបាបកូនក្មេងអាយុ ១៤ឆ្នាំរបៀបណាខ្លះ?
ប្រតិកម្មខ្លាំងៗវាយប្រហារលើអុីស្រាអែលរបស់លោកអ៊ែរដូហ្គានពេលនេះ ដើម្បីបន្តប្រឆាំងនឹងសេចក្តីសម្រេចចិត្តជាឯកតោភាគីរបស់សមភាគីអាមេរិកលោកដូណាល់ ត្រាំដែលបានប្រកាសទទួលស្គាល់ហ្សេ៊រុយសាឡឹមជាទីក្រុងផ្តាច់មុខរបស់ អុីស្រាអែលកាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៧។
លោកអ៊ែរដូហ្គានធ្លាប់បានព្រមានថា ទង្វើរបស់លោកដូណាល់ ត្រាំរបៀបនេះអាចបង្កឲ្យមានការផ្តាច់ទំនាក់ទំនងការ ទូតជាថ្មីរវាងទួរគី នឹងអុីស្រាអែល។ ទំនាក់ទំនងដែលធ្លាប់បានកាត់ផ្តាច់ម្តងក្នុងឆ្នាំ ២០១០ បន្ទាប់ពីទ័ពអុីស្រាអែលបានអន្ត រាគមន៍លើនាវារបស់អង្គការក្រៅរដ្ឋាភិបាលមួយដែលកំពុងដឹកជំនួយទៅឲ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងដែលនៅក្នុងប្រតិបត្តិការកាលណោះបានបណ្តាលឲ្យស្លាប់សកម្មជនទួរគីមួយចំនួន។ ទំនាក់ទំនងឡើងវិញគឺទើបនៅក្នុងឆ្នាំ ២០១៦ ដែលទួរគី និងអុីស្រាអែលបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ហើយភាគីទាំង២តែងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ពិសេសក្នុងវិស័យថាមពល៕ ម៉ែវ សាធី