ព័ត៌មានទាន់ហេតុការណ៍៖

អាធំបុកគូថអាតូច រួចរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះឈើ១ខ្នងនិងរោងលក់ចាប់ហួយ១កន្លែងបានរងនូវការខូចខាត ក្នុងករណីគ្រោះថ្នាក់ចរាចររថយន្តដឹកទំនិញធុនធំបុកគូថរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវបណ្តាលឲ្យរថយន្តធុនតូចរេចង្កូតទៅបុកបង្គោលភ្លើងចំណែករថយន្តធុនធំ រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អម្ចាស់ផ្ទះដែលកំពុងលង់លក់ក្នុងដំណេកមិនមានគ្រោះថ្នាក់ឡើយ ។

ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកទំនិញធុនធំនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១_២២ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ជាប្រភេទយីឌុបដឹកទំនិញពេញ ពាក់ស្លាកលេខ ភ្នំពេញ 3E-0168 អ្នកបើកបររត់គេចខ្លួនបាត់ ។

ចំណែករថយន្ត១គ្រឿងទៀតម៉ាក ហ៉ីយ៉ាន់ដាយ ពណ៍ស ជាប្រភេទរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវ ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញ មកដល់ចំនុចកើតហេតុ រថយន្តដឹកទំនិញធុនធំដែលបើកពីក្រោយបានបើកប្រជែងរថយន្តធុនតូច គ្រានោះស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកមកពីមុខទិសដៅផ្ទុយគ្នា ។

ដោយជួបឧបសគ្គនៅពីមុខរថយន្តដឹកទំនិញធុនធំបានបើកគេចចូលមកស្តាំដៃបណ្តាលឲ្យបុកគូថរថយន្តធុនតូចពីក្រោយ ហើយរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនិងរោងលក់ដូរ ដោយឡែករថយន្តធុនតូចរេចង្កូតទៅបុកបង្គោលភ្លើង ។ បន្ទាប់ពីកើតហេតុភាគីខាងរថយន្តដឹកទំនិញធុនធំដែលបង្កហេតុបានចេញសំណងទាំងអស់ដល់ភាគីរងគ្រោះដើម្បីបញ្ចប់បញ្ហា ៕ សណ្តោស


ចែករំលែក៖