ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ក្នុងអង្គប្រជុំស្តីពីការងារអនុវត្តអនុត្រឹត្យលេខ១២៩អនក្រ បក ស្តីពីការលុបចោលនិងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ដែលបានធ្វើឡើងនៅសាលាខណ្ឌទួលគោក នារសៀលថ្ងៃទី១១ធ្នូ ក្រោមវត្តមានលោកកែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។ ដោយនៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានជនបរទេសជាង២០០គ្រួសារនិងមានមនុស្សជាង៥០០នាក់មានឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលអាជ្ញាធរមានសមត្ថកិច្ចបានដកហូតយកមកវិញ។
លោកឯក ឃុនដឿន បានមានប្រសាសន៍ថា ជនបរទេសអន្តោប្រវេសន៍កំពុងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានចំនួន៣៥០៩នាក់ ស្មើនឹង៤២សញ្ជាតិ ហើយជនជាតិដែលមានច្រើនជាងគេ គឺជនជាតិវៀតណាមដោយមានរហូតដល់ ២៤៧២នាក់។
ពាក់ព័ន្ធនឹងជនបរទេសអន្តោប្រវេសន៍នេះដែរ អាជ្ញាធរខណ្ឌទួលគោក សហការបង្រ្កាបបានចំនួន៧លើក និងឃាត់ខ្លួនជនអន្តោប្រវេសន៍១២១នាក់ ក្នុងនោះមានជនជាតិចិនដីគោក៥៤នាក់និងជនជាតិវៀតណាម ៦៤នាក់ ដែលពួកគាត់រស់នៅគ្មានលិខិតស្នាមបញ្ជូនទៅចាត់ការតាមច្បាប់។ សហការបង្ក្រាបជនបរទេសជំរិតទារប្រាក់និងឆបោកបានចំនួន២លើក ដកហូតបានវត្ថុតាងមួយចំនួនធំ។
លោកឯក ឃុនដឿន បានមានប្រសាសន៍បន្តទៀតថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ពីជនបរទេសបានចំនួន២០៩គ្រួសារ មានមនុស្សចំនួន៥៥៥នាក់ ហើយចំពោះឯកសារដែលត្រូវដកហូតនេះរួមមាន សៀវភៅគ្រួសារ ចំនួន៣១ក្បាល សៀវភៅស្នាក់នៅចំនួន១៧៤ក្បាល សំបុត្រកំណើតខ្មែរចំនួន១៥៨ច្បាប់ សំបុត្រ អាពាហ៍ពិពាហ៍ចំនួន៨ច្បាប់ អត្តសញ្ញាណប័ណ្ណខ្មែរចំនួន១០២ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរចំនួន១០ក្បាល។
លោកអភិបាលក៏បានណែនាំឲ្យមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការធ្វើឯកសាររដ្ឋបាលមិនប្រក្រតីនេះឲ្យជនបរទេសបន្តទៀត ជៀសវាងមានទោសទណ្ឌ ក្រោយពីយើងបានជ្រូតជ្រាបលើបញ្ហានេះហើយនោះ ដោយតាមផ្លូវច្បាប់ ជនបរទេសមិនមានសិទ្ធិទទូលបានឯកសាររដ្ឋបាលទាំង៦នោះឡើយ ដូចជា(សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើតខ្មែរសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណខ្មែរនិងលិខិតឆ្លងដែនខ្មែរ )។
លោកកែវ វណ្ណថន បានបញ្ជាក់ថា ក្រុមការងាររបស់លោកនឹងចាប់ផ្តើអនុវត្តការងារនេះចាប់ពីថ្ងៃអង្គារទី១២ខែធ្នូឆ្នាំ២០១៧នេះ តទៅ ដោយធ្វើក្នុងសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ មុនគេ រហូតដល់បញ្ចប់ទាំង១០សង្កាត់ទូទាំងខណ្ឌទួលគោក ។ដូច្នេះលោកស្នើសុំឲ្យអាជ្ញាធរខណ្ឌចសង្កាត់ លោកមេភូមិចូលរួមសហការ ដើម្បីជម្រញឲ្យការងារនេញទទួលបានជោគជ័យ៕ ស តារា