ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម៤នាក់ចូលកាប់ឈើនៅតំបន់ក្បែរកន្ទុយនាគខេត្តរតនគិរីត្រូវមន្ត្រីបរិស្ថានឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តរតនគិរី​​ ៖ ជនជាតិវៀតណាម៤នាក់ លួចចូលកាប់ឈើដោយខុសច្បាប់នៅក្បែរតំបន់កន្ទុយនាគ ខេត្តរតនគិរីបានត្រូវក្រុមមន្រ្តីក្រសួងបរិស្ថាន បានចុះប្រតិបត្តិការទៅតំបន់នោះ ប្រទះឃើញ និងឃាត់ខ្លួនបានភ្លាមៗនៅចំណុចបង្គោលសីមាលេខ១០ ហើយបញ្ជូនមកមន្ទីរបរិស្ថានខេត្ត។

មន្រ្តីបរិស្ថានបានឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់ ទី១៖ឈ្មោះដន ង៉ុកតន អាយុ២៤ឆ្នាំ ទី២៖ ឈ្មោះ ង៉ូ វ៉ាន់ង៉ុក អាយុ៥៨ឆ្នាំ ទី៣៖ ឈ្មោះ ដាម ឌឹកជុង អាយុ២៥ឆ្នាំ (អ្នកទាំង៣មានទីលំនៅខេត្តកន្ទូម) និងទី៤៖ ឈ្មោះ ចិន ង៉ុកវឹង អាយុ២២ឆ្នាំ មានទីលំនៅខេត្តយ៉ាឡាយ។

មន្រ្តីបរិស្ថានរូបនោះបន្តថា ក្នុងពេលប្រទះឃើញនិងឃាត់ខ្លួននាំជនជាតិវៀតណាម៤នាក់មកនោះក៏មានភ្ជាប់ជាមួយនៅមធ្យោបាយកាប់ និងដឹកជញ្ជូនឈើមួយចំនួនដែរតែដោយសារស្ថានភាពផ្លូវលំបាកពេក ទើបមិនអាចរឹបអូសយកមកខេត្តបាន ក៏ត្រូវដុតកម្ទេចចោលនៅកន្លែងនោះតែម្តង ។

តាមប្រភពថា មុននឹងកម្លាំងក្រសួងបរិស្ថានចុះទៅដល់និងឃាត់ខ្លួនបានជនជាតិវៀតណាម៤នាក់នោះ ក៏មានខាងមន្រ្តីបរិស្ថានខេត្តចុះទៅតំបន់នោះដែរ ប៉ុន្តែមិនប្រះទះឃើញទេ។

រហូតមកដល់ព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ជនជាតិវៀតណាមទាំង៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅមន្ទីរបរិស្ថានខេត្តរតនគិរីនៅឡើយ មិនទាន់បញ្ជូនឱ្យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងបន្តនិតិវិធីទៅសាលាដំបូងនៅឡើយទេ៕ សហការី


ចែករំលែក៖