ភ្នំពេញ៖ សាលាខណ្ឌមានជ័យបានរៀបចំវេទិកា ជួបជាមួយវិស័យឯកជនដើម្បីអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ក្នុងគោលបំណងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានប្រសើរឡើង និងសហការជាមួយសមត្ថកិច្ចឲ្យដូចភ្លៀងរលឹម ។ ជាពិសេសម្ចាស់ផ្ទះសំណាក់ បន្ទប់ជួល ផ្ទះជួល រង្គសាល ក្លឹបឌីស្កូ ខារ៉ាអូខេ ទីរម្មនីយដ្ឋានសប្បាយនានាទាំងអស់នៅក្នុងរាជធានី។
វេទិកាជួបជាមួយវិស័យឯកជននៅខណ្ឌមានជ័យបានប្រព្រឹត្តធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័កញ ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខណ្ឌមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនគ្រឿងញៀន និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ព្រមទាំងលោក លោកស្រីចៅសង្កាត់ និងប្រជាពលរដ្ឋម្ចាស់អាជីវកម្មផ្ទះសំណាក់ ផ្ទះជួល ម្ចាស់រម្មនីយដ្ឋានសរុប២០០នាក់ ។
លោកឧត្តសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់ដល់វិស័យឯកជនថា វេទិកានៅថ្ងៃនេះជាវេទិកាផ្សព្វផ្សាយដល់បងប្អូនពលរដ្ឋស្វែងពីគ្រឿងញៀន និងយើងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀ។ ដូចយើងបានឃើញហើយអំពីរបាយការណ៍របស់អភិបាលខណ្ឌមានជ័យពាក់ព័ន្ធគ្រឿងញៀននេះ ឃើញថានៅមិនទាន់មានការថមថយនៅឡើយទេ។ ជាពិសេសអ្នកប្រើប្រាស់នៅមានកំណើនគួរឲ្យកត់សម្គាល់ ហើយថ្ងៃមុននេះឃើញមានការចុះបង្ក្រាបនៅតំបន់អាណាធិបតេយ្យឃាត់បានមនុស្សជាហូរហែ។ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បន្តថាបើយើងឲ្យអស់គ្រឿងញៀនយើងធ្វើយ៉ាងជួយទប់ស្កាត់អ្នកប្រើប្រាស់ ហើយបើអស់អ្នកប្រើប្រាស់គឺវាអត់មានអ្នកលក់ទេ។ ចឹងបានជាយើងទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសម្ចាស់ផ្ទះសំណាក់នេះ។
លោកឧត្តមសេនីយ៍ត្រីបន្តថា ការជួញដូរនិងការចែកចាយយើងឃើញថាពុំទាន់មានការថមថយទេ ថ្វីត្បិតកម្ពុជាយើងមិនមែនជាកន្លែងផលិតតែជាគោលដៅជួញដូរចែកចាយ យើងជាប្រទេសឆ្លងកាត់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន យើងជាប្រទេសរងគ្រោះ។ លោកឧត្តមសេនីយ៍ត្រីស្នងការរងរាជធានីភ្នំពេញបន្តថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ បើគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មកដល់ខែធ្នូ ឆ្នាំ២០១៧នេះ យើងបង្ក្រាបបានតែ២០០០ករណី និងបានឃាត់ខ្លួនមនុស្សជាង៥០០០នាក់ប៉ុណ្ណោះទេ។
ដោយឡែកលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសម្ចាស់ផ្ទះសំណាក់ជួយសហការជាមួយសមត្ថកិច្ចរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ប្រាប់ថាបញ្ហាគ្រឿងញៀនពុំទានមានការថយចុះនោះទេ ហើយនៅក្នុងពិភពលោកយើងនេះមានកន្លែងផលិតគ្រឿងញៀនចំនួន៤ធំៗ នៅជិតប្រទេសកម្ពុជាយើងនេះមានកន្លែងផលិតធំ២កន្លែងគេហៅថាតំបន់ត្រីកោណមាសស្ថិតនៅក្នុងទឹកដីប្រទេសភូមា ប្រទេសថៃ និងប្រទេសលាវ នេះជាតំបន់ទី១ដែលផលិតគ្រឿងញៀនប្រភេទអាភៀន និងប្រភេទហេរ៉ូអ៊ិនធំជាងគេនៅអាស៊ីយើង។ បន្ទាប់ពីតំបន់នេះគឺមានតំបន់១ទៀតស្ថិតក្នុងទ្វីបអាស៊ីដែរ គេហៅថាតំបន់អឌ្ឍច័ន្ទមាស ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ ប៉ាគីស្ថាន និងអាហ្គានីស្ថាន ហើយតំបន់នេះក៏ជាតំបន់ផលិតអាភៀនដ៏ធំដែរ។
លោកឧត្តមសេនីយ៍ឯកបន្តថា ត្រូវរំគ្នាបំបាត់ឲ្យអស់គ្រឿងញៀនហើយបើចង់អស់គ្រឿងញៀនវាទាល់តែមានការចូលរួមពីបងប្អូនពលរដ្ឋ មិនអាចធ្វើសង្គ្រាមគ្រឿងញៀនដូចប្រទេសថៃ និងហ្វីលីពីននោះបានទេ៕ តាឡឹម