ភ្នំពេញ៖ ក្រោយជោគជ័យមួយផ្នែកលើវិស័យសិល្បៈ កញ្ញា សុខ មន្នីរក្សា បានរៀបចំកម្មវិធីខួបកំណើតលើកដំបូងក្នុងជិវិតកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែធ្នូនេះនៅភោជនីដ្ឋាន Tiara។ ទោះបីជាមិនមានគម្រោងទុកមុខថានឹងរៀបចំក៏ភ្ញៀវពិសេសជិតដិត និងវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួម។
អ្វីដែលកាន់តែពិសេសគឺវត្តមានតារាចម្រៀង មាស សុខសោភា ដែលជាបងស្រីជីដូនមួយ សុខ មន្នីរក្សា បានលេខមុខមុនអស់ភ្ញៀវដទៃ ហើយជាបន្តបន្ទាប់គេឃើញមានវត្តមានតារាសម្តែង តារាចម្រៀងប្រុសស្រីល្បីឈ្មោះ ផលិតករ តន្ត្រីករ ជាច្រើនចូលរួម។ សុខ មន្នីរក្សាបញ្ជាក់ថា នេះគឺជាលើកដំបូងដែលនាងរៀបចំកម្មវិធីខួបកំណើតដែលមានភ្ញៀវចូលរួមជិត១០០នាក់។ នាងថាកន្លងទៅនាងរៀបចំត្រឹមការទទួលទានអាហារជួបជុំគ្រួសារ មិត្តជិតដិតតិចតួចប៉ុណ្ណោះប៉ុន្តែដោយសារតែការឲ្យយោបល់ពីមិត្តភ័ក្កិនិងចង់ជួបជុំគ្នាទ្រង់ទ្រាយធំទើបសម្រេចចិត្តរៀបចំបន្ទាន់ៗមិនមានគម្រោងទុកមុនយូរថ្ងៃនោះទេ។ នាងថាភ្ញៀវភាគច្រើនអញ្ជើញតាមទូរស័ព្ទ ខ្លះតាមហ្វេសប៊ុក ប៉ុណ្ណោះព្រោះនាងរវល់នឹងការងារសិល្បៈទាំងការសម្តែង ច្រៀង និងពិធីការិនី។ នាងថាកន្លងមកចេះតែអៀនខ្មាសខ្លះ រវល់ខ្លះទើបមិនបានរៀបចំប៉ុន្តែឆ្នាំនេះចង់ប្លែកជាងរាល់ដង។ នាងបន្តថា គ្មានប្រាថ្នាអ្វីក្រៅពីចង់ឲ្យក្រុមគ្រួសារមានសុភមង្គល សុខភាពល្អ និងការងារជោគជ័យនោះទេ។ សម្រាប់ឆ្នាំក្រោយនាងនៅតែទទួលបានការថតភាពយន្តជាថ្មីបន្តបន្ទាប់ច្រើនរហូតនាងគ្មានពេលទំនេរច្រើនហើយសម្រេចចិត្តបដិសេធថតភាពយន្តមួយចំនួនផងដែរ។
នាងរំពឹងដែរថាកម្មវិធីខួបកំណើតលើកដំបូងរបស់នាងនឹងបង្កើតនូវអនុស្សាវរីយ៍គឺការចងចាំមិនភ្លេចនូវអារម្មណ៍ជិតដិតស្និទ្ធស្នាលគ្នាជារៀងរហូត៕ វឌ្ឍនា