ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់របួសធ្ងន់បាក់ភ្លៅដោយសារជិះម៉ូតូបុកគោយន្តកែច្នៃចតស្ងៀម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចស្រ្តីម្នាក់បានរងរបួសបាក់ភ្លៅម្ខាងសន្លប់ស្ដូកស្ដឹង(ធ្ងន់) ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកែច្នៃចតស្ងៀម នៅក្បែរចិញ្ចើមផ្លូវជាតិ៥។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ស្រ្តីរងរបួសធ្ងន់ឈ្មោះ ហ៊ុន រ៉ុម ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្តីស្នល់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្រ្តីរងរបួសបាក់ភ្លៅស្ដាំ(ធ្ងន់)ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A 2548 ធ្វើដំណើរក្នុងទិសដៅពី(កើតឆ្ពោះទៅទិសខាងលិច) លុះមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងមិច ស្រាប់តែរេជ្រុលទៅបុក គោយន្តកែច្នៃដាក់ម៉ាសុីនកិនស្រូវ ដែលកំពុងចតស្ងៀមក្បែរចិញ្ចើមផ្លូវបែរមុខទៅទិសខាងកើត បណ្ដាលឲ្យស្រ្តីរបួសសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់ខាងលើបន្តថា ម្ចាស់គោយន្តកែច្នៃដាក់ម៉ាសុីនកិនស្រូវឈ្មោះ ស៊ុន នៀ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំ កើតហេតុខាងលើ។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់ដដែលខាងលើបន្តទៀតថា ចំពោះស្រីរងរបួសបាក់ភ្លៅស្ដាំ(ធ្ងន់)ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូ និងគោយន្តកែច្នៃយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖