ស្ថានទូតអាមេរិកមានមោទនភាពសូមប្រកាសការប្រគំតន្រ្តីដើម្បីសម្ពោធថាសចំរៀងជាមួយលោក យឹង យន នៅថ្ងៃសុក្រនេះ ដែលត្រូវនឹងថ្ងៃទី ១៥ ធ្នូ នៅវេលាម៉ោង ៦ ល្ងាច។ កម្មវិធីនេះបើកជូនសាធារណជនចូលទស្សនាដោយមិនគិតថ្លៃ ហើយប្រព្រឹត្តទៅនៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា កូរេ (CKCC) ។ ទស្សនិកជនម្នាក់ៗនឹងទទួលបាននូវថាសចំរៀងថ្មីមួយមានចំណងជើងថា “ស្រឡាញ់សហរដ្ឋអាមេរិក៖ ដំណើររបស់យឹង យននៅក្នុងសហរដ្ឋអាមេរិក” (“Lovin’ USA: Yorn Young’s Journey Across America”) របស់លោក ដោយឥតគិតថ្លៃ។
នៅឆ្នាំ ២០១៣ លោក យឹង យនបានចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកតន្រ្តីដែលមានឈ្មោះថា OneBeatនៅក្នុងសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្តូរនោះមានការចូលរួមនៃតន្រ្តីករមកពីទូទាំងពិភពលោក ដើម្បីធ្វើការសហការគ្នា និងបង្កើតបទចំរៀងដើម ហើយត្រូវបានឧបត្ថម្ភដោយសហរដ្ឋអាមេរិក។ លោកយនមានការរំភើបចំពោះការចូលរួមនោះ ហើយបានសរសេរបទចំរៀងខ្មែរចំនួន ១១ បទ ជាស្នាដៃដើមរបស់លោក ស្តីពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិក ដូចជារដ្ឋ Minnesota, North Carolina និងរដ្ឋ Florida ។ ការប្រគំតន្រ្តីនេះនឹងបង្ហាញបទចំរៀងទាំង ១១ នោះនៅលើថាសចំរៀងមួយ ជាលើកដំបូង។ ដើម្បីទស្សនាការប្រគំតន្រ្តីនេះ គេមិនចាំបាច់ធ្វើការចុះឈ្មោះមុនទេ ហើយគេមិនត្រូវការបង់ប្រាក់សំរាប់ការចូលទស្សនាទេ។ អ្នកសារព័ត៌មានអាចចូលយកព័ត៌មាននៅក្នុងពិធីនេះបាន។
ក្រៅពីនេះទៀត នៅថ្ងៃសុក្រ ពីម៉ោង ២ រសៀលដល់ម៉ោង ៣:៣០ រសៀល អ្នកចំរៀងនេះនឹងដំណើរការសិក្ខាសាលាមួយសំរាប់ទស្សនិកជនជាក្រុមតូចមួយស្តីពីអំណាចនៃដូរ្យតន្រ្តី។ ក្រៅពីនេះទៀត លោកនឹងនិយាយពីអ្វីដែលោកបានរៀនសូត្រពីកម្មវិធីផ្លាស់ប្តូរនេះរបស់លោក។
តន្រ្តីករកម្ពុជាអាចដាក់ពាក្យចូលរួមក្នុងកម្មវិធី OneBeatដោយចាប់ផ្តើមនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨។ បើចង់ដឹងបន្ថែមពីកម្មវិធី OneBeatសូមចូលមើលគេហទំព័រ http://1beat.org/ ៕