ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបដូចគ្នា បានផឹកស៊ីជាមួយគ្នាហើយស្រវឹងស្រាទាំង២នាក់ ឈានដល់ការវាយតប់គ្នារហូតដល់បែកក្បាល អ្នកចាញ់ រងរបួសចូលពេទ្យ រីឯអ្នកឈ្នះត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់ដាក់ខ្នោះ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ ថ្ងៃ១០ រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប និងម្នាក់ទៀតជាអ្នរត់ម៉ូតូកង់បី បានផឹកស៊ីជាមួយគ្នា ហើយស្រវឹងស្រាទាំង២នាក់ ស្រាប់តែបុរសដែលជាអ្នករត់ម៉ូតូឌុបបានសុំបុរសដែលជាអ្នករត់ម៉ូតូកង់បី ទៅផ្ទះមុន ដោយប្រាប់ថា រូបខ្លួនស្រវឹងហើយ ទើបឈានដល់ការវាយតប់គ្នា រហូតដល់បុរសដែលជាអ្នករត់ម៉ូតូកង់បី យកច្រវាក់សោមកវាយបុរសដែលជាអ្នករត់ម៉ូតូឌុប បែកក្បាលហូរឈាម បណ្ដោលឲ្យរងរបួសចូលព្យាបាលនៅមន្ទីរពេទ្យ រីឯឈ្នះត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ។
ក្រោយពេលកើតហេតុ ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមច្បាប់៕ ស រស្មី