ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួន ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀននឹងមុខសញ្ញាដើរលួចនៅក្នងភូមិ។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៩យប់ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដីព្រៃ ភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនបាននោះ៖ ទី១-ឈ្មោះជំ សុផារ៉ា ២៦ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅ ផ្ទះបងភូមិសាមគ្គី៤សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ មានស្រុកកំណើតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ទី២-ឈ្មោះ វិន រតនា អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិត្តភក្តិ ភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍តាមចាប់ជនសង្ស័យ មួយចំនួន ដែលប្រជាពលរដ្ឋបានរាយការណ៍ដល់រូបគាត់។
ដោយមានជនសង្ស័យ មួយចំនួន ប្រើប្រាស់ថ្នាំញៀន ហើយតែងដើរអុកឡុក លួចគាស់យក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាញឹកញាប់ នៅក្នុងមូលដ្ឋាន។ ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ចេញល្បាតមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញ ជនសង្ស័យ២នាក់ខាងលើដែលជាមុខសញ្ញាប្រើថ្នាំញៀននឹងជាមុខសញ្ញាលួចគាស់បន្ទប់ប្រជាពលរដ្ឋ ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនដើម្បីយកទៅសាកសួរ។
បន្ទាប់ពីការសាកសួរជនសង្ស័យ២នាក់ខាងលើ បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន ជាញឹកញាប់ហើយតែងដើរលួចនៅក្នុងភូមិ ដើម្បីយកទិញថ្នាំ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង កសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕ សុខាសែនជ័យ