ភ្នំពេញ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា ខណៈលោកបានដឹកនាំក្រុមយុវជនកីឡា ចំបាប់៩នាក់ ទៅចូលរួមបោះជំរុំហ្វឹកហាត់នៅប្រទេសកូរ៉េថា ការចូលរួមកម្មវិធីបោះជំរុំហ្វឹកហាត់នេះ មានរយៈពេល១៣ថៃ្ង ក្នុងគោលបំណងដកស្រង់បទពិសោធន៍ ពង្រឹងបច្ចេកទេស និងបង្កើតឱកាសសម្រាប់យុវជនផងដែរ ។
លោក ធិន វិចិត្រ បានបន្តថា ដំណើរចេញទៅកាន់ប្រទេសកូរ៉េលើកនេះ លោករំពឹងថានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកម្មវិធីបោះជំរុំហ្វឹកហាត់រួមគ្នានេះ ព្រោះមានការប្រកួត ដកស្រង់បទពិសោធន៍រវាងកីឡាករចំបាប់វ័យក្មេងរបស់កូរ៉េ នឹងយុវជនចំបាប់កម្ពុជាផងដែរ។
លោកបានបន្តទៀតថា ការបង្កលក្ខណៈឲ្យអត្តពលិកវ័យក្មេងទទួលបានឱកាសចេញ ទៅក្រៅប្រទេសបែបនេះ គឺបានបង្កើនបទពិសោធន៍នៅក្រៅប្រទេសច្រើន និងជួយបង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនសម្រាប់ប្រជែងដណ្តើមយកមេដាយក្នុង ព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ដូចជា ស៊ីហ្គេមនៅប្រទេសហ្វុីលីពីន វៀតណាម និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោក អគ្គលេខាធិការរូបនេះបានបន្ថែមថា ការចេញទៅបោះជំរុំលើកនេះ ក្នុងនាមតំណាងឲ្យសហព័ន្ធកីឡាចំបាប់កម្ពុជា លោកនឹងខិតខំស្វះស្វែងគ្រប់មធ្យោបាយ ស្នើសុំភាគីប្រទេសកូរ៉េបញ្ជូនអត្តលិកវ័យក្មេងទៅហ្វឹកហាត់នៅទីនោះរយៈពេលវែង ដើម្បីឲ្យអត្តលិកវ័យក្មេងមានសមត្ថភាពគ្រប់គ្រាន់ប្រជែងយកមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣។
លោក ធិន វិចិត្រ បានបញ្ជាក់ថា នៅក្នុងដំណើរដឹកនាំអត្តពលិកកីឡាចំបាប់វ័យក្មេង ទៅកាន់ប្រទេសកូរ៉េលើកនេះ តបតាមការអញ្ជើញរបស់ភាគីប្រទេសកូរ៉េ ក្រោមការសម្របសម្រួលពីលោកគ្រូកូរ៉េ គីម សុងអ៊ី ដែលជាគ្រូប្រចាំសហព័ន្ធកីឡាចំបាប់ ហើយការចេញទៅ គឺមានរយៈពេល១៣ថ្ងៃ ដើម្បីចូលរួមកម្មវិធីបោះជំរុំហ្វឹកហាត់រួមគ្នាជាមួយកីឡាករចំបាប់កូរ៉េ៕ សារីម