ព័ត៌មានទាន់ហេតុការណ៍៖

អគារស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្មានទឹកប្រើប្រាស់ជិត២០ថ្ងៃរងការរិះពីភ្ញៀវជាតិ និងអន្តរជាតិ

ចែករំលែក៖

ប៉ោយប៉ែត៖ អគារស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានភ្ញៀវជាតិ ជាតិ និងអន្តរជាតិធ្វើការរិះគន់ ព្រោះថាបន្ទប់ទឹកគ្មានទឹកឲ្យប្រើប្រាស់ជិត២០ថ្ងៃកន្លងមកហើយធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិខ្វះទឹកប្រើប្រាស់សំរាប់បត់ជើងតូច ធំ ម្យ៉ាងវិញទៀតក៏កើតមានញឹកញាប់ផងដែរ ភ្ញៀវទេសចរណ៍ដែលចេញ ចូលបំពេញទិដ្ឋាការនៅអគារស្នាក់ការមួយនេះ បានរអ៊ូរទាំស្ទើររាល់ថ្ងៃ ខណៈពួកគេចូលទៅបន្ទប់អនាម័យ គ្មានទឹកប្រើប្រាស់ ឃើញតែបិទទ្វារគ្រប់ពេល ព្រមទាំងជះក្លិនអសោចិ៍ទៀតផង។

មិនថា តែភ្ញៀវបរទេសទេ សូម្បីតែពលរដ្ឋខ្មែរដែលឆ្លងកាត់ទីនោះ ក៏តែងតែរអ៊ូរទាំបញ្ហាខាងលើដូចគ្នា។

ប្រភពពីមន្ត្រី និងសមត្ថកិច្ចនៅច្រកទ្វារមួយនេះប្រាប់ថា ក្នុង១ថ្ងៃៗ មានភ្ញៀវជាតិ និងអន្តរជាតិសួររឿងបន្ទប់អនាម័យច្រើននាក់ ហើយថា ពួកគាត់ពេលខ្លះខ្មាស់ភ្ញៀវបរទេស គ្រាដែលភ្ញៀវទេសចរណ៍សួររកជាញឹកញាប់។

ពួកគាត់ថា នៅពេលឈឺពោះបត់ជើងធំម្តងៗ គ្រប់គ្នាត្រូវបង្ខំចិត្តចូលទៅកាស៊ីណូ ដើម្បីរកកន្លែងបត់ជើងធំ ចំណែកបត់ជើងតូច អាចឈរក្បែរជញ្ជាំងអគារច្រកទ្វារបាន បើទោះជាដឹងថា រងការរិះគន់ពីអ្នកធ្វើដំណើរក៏ដោយ។

មជ្ឈដ្ឋានជុំវិញនោះលើកឡើងថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកសេដ្ឋកិច្ចពាណិជ្ជកម្មដ៏សំខាន់ មិនគួរអាជ្ញាធរ និងក្រសួងពាក់ព័ន្ធបណ្តោយឲ្យកើតមានករណីខាងលើបែបនេះឡើយ។

ពួកគាត់បញ្ជាក់ថា បើទោះជាអគារស្នាក់ការខាងលើនោះ ត្រូវវាយចោលនៅពេលខាងមុខ និងសង់អគារថ្មីជំនួសយ៉ាងណាក៏ដោយ ក៏រយៈពេលនៃកាសាសង់នោះ មានរយៈពេលយូរឆ្នាំដែរ មិនគួរបណ្ដោយឲ្យបាត់បង់នូវទឹកប្រើប្រាស់ចំពោះបន្ទប់អានាម័យនោះទេ។

ជុំវិញករណីខាងលើ លោកវួច អូន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា បន្ទប់អនាម័យក្នុងអគារស្នាក់ការច្រកទ្វារ ពិតជាដាច់ទឹកមួយរយៈមែន ដោយស្នាក់ការជំពាក់ប្រាក់ក្រុមហ៊ុនទឹកស្អាតជាង២០លានរៀលហើយគេផ្តាច់ទឹក។

លោកបញ្ជាក់ថា ប្រាក់ជំពាក់នោះ កើតមានតាំងពីសម័យប្រធានស្នាក់ការមុនៗ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ខាងបុគ្គលិកហូលីដេរប៉ាឡាកមកជួសជុលដើម្បីតបណ្ដាលទឹកឲ្យប្រើប្រាស់វិញហើយ ៕ វណ្ណា


ចែករំលែក៖