ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់នៅខុនដូមជ្ឈមណ្ឌល​ព្រីមស៍ផ្លាហ្សាម្នាក់ត្រូវថៅកែចិនយកខ្សែភ្លើងចាប់ចងនឹង​បង្គោល​ភ្លើងយ៉ាងព្រៃផ្សៃ

ចែករំលែក៖

ភ្នំពេញ ៖ វាជារឿងដែលគួរឲ្យសាហាវខ្លាំងណាស់ បន្ទាប់ពីថៅកែជនជាតិចិន បានចាប់កម្មករខ្មែរម្នាក់​ ដោយយកខ្សែ​ភ្លើង​រុំព័ទ្ធ​ជុំវិញ​ខ្លួន​ចង​ផ្អោប​ទៅ​នឹង​បង្គោល​ភ្លើង​ នៅ​ក្នុង​ទីលាន​ទាត់​បាល់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារោមមើលគួរឲ្យសង្វេគ គ្រាន់តែរឿងលួចខ្សែរភ្លើងបន្តិចបន្តួចសោះ ។

ហេតុការណ៍​ភ្ញាក់ផ្អើលខាងលើនេះ បាន​កើតឡើង​កាលពីវេលាម៉ោង១រសៀលថ្ងែព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសង់ខុនដូមជ្ឍមណ្ឌល​ព្រីមស៍ផ្លាហ្សា ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា បុរសដែលថៅកែចោទថា ជាចោរលួចខ្សែភ្លើងនោះ ឈ្មោះហោ សុភី អាយុ៣០ឆ្នាំ ជាកម្មករការដ្ឋានសង់ខុនដូមជ្ឈមណ្ឌល​ព្រីមស៍ផ្លាហ្សា​ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

បើយោងតាម​ប្រភព​ពី​អ្នក​នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹងដែរ​ថា បុរស​ដែល​ត្រូវ​គេ​ចាប់ចង​ខាងលើ​ជា​កម្មករ​សំណង់នៅការដ្ឋានសង់ខុនដូមជ្ឍមណ្ឌល​ព្រីមស៍ផ្លាហ្សា ដោយសារតែគាត់​បាន​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​របស់​​ខុន​ដូ​នេះ ក៏​ត្រូវ​សន្តិសុខ​ចាប់​ខ្លួនប្រគល់ឲ្យថៅកែចិន និង​យក​មក​ចង​ទុក​នៅ​កន្លែង​ខាងលើ​តែ​ម្តង ហើយ​កន្លង​មក​ ក្នុង​ការដ្ឋាន​ តែងតែ​ត្រូវ​បាន​ចោរលួច​ខ្សែរភ្លើង និង​សម្ភារ​ផ្សេង​ៗ​ទៀតអស់​ជា​ច្រើន ​ទើប​ចាប់​ខ្លួន​បុរស​ជា​ជនសង្ស័យ​បាននៅថ្ងៃនេះ ក៏ធ្វើសកម្មភាពព្រៃផ្សៃបែបនេះតែម្តង ។

ក្រោយកើតហេតុ បុរស​ជា​ជនសង្ស័យ ត្រូវបានថៅកែចិនឲ្យដោះលែងវិញ ដោយមិនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនអ្វីនោះទេ ៕ស រស្មី


ចែករំលែក៖