ព័ត៌មានទាន់ហេតុការណ៍៖

ពិធីខួប១០០ឆ្នាំនៃសាលារចនានិងរំលឹកព្រះគុណគ្រូល្ខោនខោលលើកទី២

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីរំលឹកគុណគ្រូ និងការសម្តែងទស្សនីយភាពសិល្បៈជាច្រើនទម្រង់នេះត្រូវបានធ្វើឡើងក្រោមព្រះវត្តមានសម្ដេចព្រះរាម នរោត្តម បុប្ផាទេវី, មន្ត្រីក្រសួងវប្បធម៌ សិល្បករសិល្បករិនី និងមហាជនយ៉ាងច្រើនកុះករ។ កម្មវិធីនេះក៏ត្រូវបានធ្វើឡើងស្របពេលគម្រប់អាយុកាល១០០ឆ្នាំនៃសាលានេះផងដែរ។
ពិធីសំពះនិងរំលឹកគុណគ្រូល្ខោនខោលលើកទី២ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៤ខែធ្នូនេះនៅសាកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈហៅសាលារចនា ។ទស្សនីយភាពសិល្បៈជាច្រើនដែលត្រូវបានយកមកបង្ហាញពេលនេះគឺមានដូចជា របាំបួងសួងសន្តិភាព, ពិធីដឹងគុណគ្រូ, ការសម្តែងល្ខោនខោល, ការបង្ហាញម៉ូតនាសម័យព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិជាដើម។
មន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈលោក នួន ឆៃឡូត បានបញ្ជាក់ថា កម្មវិធីដឹងគុណគ្រូល្ខោនខោលលើកទី២នេះត្រូវបានធ្វើឡើងដំណាលគ្នានៃខួបគម្រប់១០០ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈដែលកកើតឡើងក្នុងសម័យព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។ពិសេសគឺចង់បន្ថែមទម្រង់សិល្បៈមួយចំនួនទៀតឲ្យប្រជាជនខ្មែរបានស្គាល់ផងដែរ។ ក្រៅពីនេះគឺជាកម្មវិធីដែលឆ្លុះបញ្ចាំងពីការ លើកកម្ពស់អភិរក្សវីរសិល្បករខ្មែរដែលជាធនធាននៃចំណេះដឹងផ្នែកសិល្បៈវប្បធម៌ខ្មែរ ហើយកម្មវិធីនេះក៏បង្ហាញពីការដឹងគុណទៅកាន់គ្រូជំនាញគ្រប់រូបដែលជាអ្នកចង្អុលទិសដៅដល់សិស្សទៅអនាគត និងបញ្ជាក់ថាសិល្បករជំនាន់ក្រោយមិនបានទុកពួកគាត់ចោលឲ្យនៅឯកាឡើយ។
អ្នកស្រីចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញពីអារម្មណ៍រំភើបរីករាយ គ្រាដែលមានវត្តមានថ្នាក់ដឹកនាំក្រសួង, សិល្បករ, សិស្ស, និស្សិតដែលរួមគ្នារៀបចំកម្មវិធីនេះឡើងដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព។ អ្នកស្រីក៏ថ្លែងអំណរគុណចំពោះសិល្បករទាំងបុរាណ និងសម័យដែលស្ម័គ្រកម្លាំងកាយចិត្ត និងថវិការរួមគ្នាបង្កើតឲ្យមានកម្មវិធី និងទស្សនីយភាពបែបនេះជាលើកទី២ហើយលោកស្រីរំពឹងដែរថាកម្មវិធីនេះនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយៗទៀត និងជាឱកាសជួបជុំពង្រឹងសាមគ្គីភាពរវាងសិល្បករគ្រប់ទម្រង់ ទាំងសម័យ និងបុរាណ៕ វឌ្ឍនា

ចែករំលែក៖