ខេត្តកំពង់ស្ពឺ៖ បុរសមានប្រពន្ឋកូននៅក្នុងបន្ទុក ដែលតែងតែស្រវឹងខួប បានដា់ចិត្តចងកសម្លាប់ខ្លួន ដោយសារតែរឿងបន្តិចបន្តួច គឺសុំប្រពន្ឋរួមរ័ក្ស តែប្រពន្ឋមិនព្រម បែរមានចិត្តប្រចណ្ឌរហូតឈានដល់ការសម្លាប់ខ្លួន ។ រឿងរ៉ាវភ្ញាក់ផ្អើលបុរសស្រវឹងស្រា ចងកសម្លាប់ខ្លួននេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងចម្ការចេក១កន្លែង នៅភូមិអញ្ចា ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះវណ្ណ ពៅ ហៅវី ភេទប្រុស អាយុ៣៤ឆ្នាំ មានប្រពន្ឋឈ្មោះមឿត គង់ អាយុ៣៤ ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៤នាក់ ស្រី២ ប្រុស២ មានស្រុកកំណើតរស់នៅភូមិតាថេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែបច្ចុប្បន្នបានមករស់នៅចាំចម្ការឲ្យបុរសម្នាក់ឈ្មោះផល ភី រស់នៅឯភ្នំពេញមានចម្ការនៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីអ្នកស្រុក បានឲ្យប៉ូលិសដឹងថា ជនរងគ្រោះ ជាមនុស្សស្រវឹងខួប មិនសូវគិតគូរការងារប្រចាំថ្ងៃ រកសុីចិញ្ចឹមប្រពន្ឋកូនប៉ុន្មានឡើយ គឺដឹងតែបើកភ្នែកតាំងពីព្រឹក ដល់ព្រលប់កាន់កែវស្រារហូត។ នៅថ្ងៃកើតហេតុ ក៏មិនខុសសព្វមួយដងដែរ ជនរងគ្រោះ បានផឹកស្រាស្រវឹងយ៉ាងជោកជាំ។ លុះដល់យប់ គេឮជនរងគ្រោះ ឈ្លោះប្រកែកជាមួយប្រពន្ឋដោយភ្លើងប្រចណ្ឌ។
ចំណែកប្រពន្ឋជនរងគ្រោះ បានឆ្លើយបំភ្លឺថា ពេលឈ្លោះប្រកែកគ្នានោះ ប្តីគាត់ ចេះតែប្រចណ្ឌគាត់គ្រប់តែមនុស្សប្រុសដែលធ្លាប់ផឹកសុីជាមួយគ្នា ហើយនៅយប់កើតហេតុប្តីបានសុំគាត់រួមភេទ តែដោយសារខឹងប្តី ពូកែប្រចណ្ឌ ទើបគាត់ប្រកែក ដោយមិននឹកស្មានថា ប្តីគាត់គិតខ្លីសម្រេចចិត្តចងកស្លាប់ចោលប្រពន្ឋកូនឡើយ។ គាត់មិននឹកស្មានថា ប្តីគិតខ្លីយ៉ាងនេះឡើយ ហើយក៏នាំកូនដេកអស់ទៅ ។
លុះដល់ម៉ោងកើតហេតុខាងលើ ទើបមានការភ្ញាក់ផ្អើលឃើញជនរងគ្រោះ ចងកក្នុងផ្ទះ ស្លៀកតែខោលីអូស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកពិនិត្យសាកសព។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ