ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវ និងមហាវិថីសំខាន់ៗ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ បន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវ និងមហាវិថីសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌ រួមមាន៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរវិថីព្រះស៊ីសុវត្ថិ, មហាវិថីសុរាម្រឹត , ផ្លូវលេខ៧០, ផ្លូវភ្លោះព្រះអង្គឌួង, ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ១០៦-១០៨ ជុំវិញរង្វង់មូលគួចកាណុង(រង្វង់មូលជ្រោយចង្វារខាងលិច) ព្រមទាំងជុំវិញរមណីដ្ឋានប្រវត្តសាស្ត្រវត្តភ្នំ ។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តចុះអប់រំណែនាំ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយមហាវិថីធំៗ ក្នុងមូលដ្ឋានខណ្ឌជាប្រចាំ ក៏ប៉ុន្ដែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែមិនសហការយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយបានបន្តប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈប្រកបអាជីវកម្មផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍សាធារណៈដដែល ។

ជាក់ស្ដែង ក្នុងប្រតិបត្តិការរៀបចំចិញ្ចើមផ្លូវសាធារណៈនេះ រដ្ឋបាលខណ្ឌ បានចាត់វិធានការចំពោះការឈប់ចតយានយន្ដ និងការដាក់លក់គ្មានសណ្ដាប់ធ្នាប់ រួមមានៈ ឃាត់រថយន្តបានចំនួន ០៣គ្រឿង(នៅខាងមុខស្ថានទូតបារាំង ០១គ្រឿង, មុខសួនច្បារទីរួមផ្សារចាស់ ០១គ្រឿង និងក្រោយធនាគារកាណាឌីយ៉ា ០១គ្រឿង)រទេះលក់មីឆាចំនួន ០៨គ្រឿង នៅខាងមុខសាលាCamED កង់បីនៅជុំវិញវត្តភ្នំចំនួន១១គ្រឿង ដោយបានស្ទូចអូសយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើកាអប់រំណែនាំ និងធ្វើកិច្ចសន្យាតាមនីតិវិធី ។

នៅក្នុងថ្ងៃដដែលនេះដែរ លោកអភិបាលខណ្ឌ ក៏បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង និងលោក ចាន់ គន្ថេត អភិបាលរង សហការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះអប់រំណែន និងធ្វើកិច្ចសន្យាបញ្ឈប់ការរំលោភចិញ្ចើមផ្លូវសាធារណៈ និងការសាងសង់គ្មានច្បាប់អនុញ្ញាត នៅចំណុចហាងខេវ៉េស(Kwest) ស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដោយទុកឱសាន្ដឱវាទរយៈពេល ០១សបា្តហ៍ ដើម្បីឲ្យម្ចាស់ហាងខាងលើ ធ្វើការកាត់ដើមឈើ និង រុះរើសំណង់រឹងមាំចេញពីចំណីផ្លូវសាធារណៈផងដែរ ៕ស តារា


ចែករំលែក៖