ភ្នំពេញ៖ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង៤៥នាទី សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ បានឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទ ហិង្សា ដោយចេតនា នៅចំនុចផ្ទះលេខ១២៨ ផ្លូវលេខ១៥៦ ក្រុមទី០៤ ភូមិ០២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ លី ចាន់រ៉ាម៉ូ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ មានទីលំនៅស្នាក់នៅផ្ទះលេខ១២៨ ផ្លូវលេខ១៥៦ ក្រុមទី០៤ ភូមិ០២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ គឹម ដាលីន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ(ចងការប្រាក់) មានទីលំនៅស្នាក់នៅផ្ទះលេខ២៧c ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ (គ្មាន) រងរបួសពកក្បាលពីក្រោយខាងស្ដាំ និងមានស្នាមឆូតក្រចកនៅចុងភ្នែកខាងស្ដាំ ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦:១០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកZoomer-X ឌុបបងស្រីបង្កើតមកចំនុចកើតហេតុ(ផ្ទះជនសង្ស័យ)ដើម្បីទារប្រាក់ជំពាក់ ព្រោះតែជនរងគ្រោះទូរស័ព្ទមកជនសង្ស័យមិនលើក លុះពេលជិះម៉ូតូមកដល់ ក៏ចតម៉ូតូត្រឹមត្រូវហើយឡើងទៅគោះទ្វារបន្ទប់ជនសង្ស័យនៅជាន់ទី០២ ទើបធ្វើឲ្យជនសង្ស័យច្រឡោតខឹងក៏បើកទ្វារបន្ទប់ស្ទុះមកវាយជនរងគ្រោះទាំងកំរោលតែម្ដង រហូតទាល់តែបងស្រីជនរងគ្រោះចាប់បំបែកចេញ ទើបជនរងគ្រោះរត់រួចខ្លួនមកប្ដឹងសមត្ថកិច្ចដើម្បីឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់ ៕ ស តារា