ភ្នំពេញ៖ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២និង៤០នាទីរសៀល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទរំលោភលើទំនុកចិត្ត (យកម៉ូតូ ) (ជនរងគ្រោះឃាត់ ប្រគល់ឲ្យ)ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២រសៀលនៅចំណុចក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ដីឡូត៍លេខ៣១៥ ផ្លូវលេខ២៤៥ ក្រុមទី៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នាក់ ភក្តី ហៅ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៣២ ផ្លូវ លេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហ៊ីម រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមក្លឹបហ្គោឡាញ ស្នាក់ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់ ម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9838 មានលេខតួ : 415277 លេខម៉ាស៊ីន: 415320 ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ជនរងគ្រោះឈ្មោះ ហ៊ីម រ៉ាវី បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-9838 ទៅជួបជនសង្ស័យឈ្មោះ នាក់ ភក្តី ហៅ ភក្តី ជាមិត្តភ័ក្រ្តស្គាល់គ្នាបាន ប្រហែល២ខែមកហើយ មកជួបនៅមុខ វិទ្យាល័យជាស៊ីមសាមគ្គី សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលជនរងគ្រោះបានជួបជនសង្ស័យឈ្មោះ នាក់ ភក្តី ហើយក៏ជិះម៉ូតូដើរលេងជាមួយមិត្តភ័ក្រ្តម្នាក់ទៀតឈ្មោះ សិទ្ធ នីរ៉ា ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ ជនជាតិខ្មែរ មកម្ដុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ផ្លូូវលេខ២៤៥ ក្រុមទី៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលមកដល់ក្នុងមជ្ឈម៉ុងឌីយ៉ាល់ ជនសង្ស័យឈ្មោះ នាក់ ភក្តី ហៅ ភក្តី ក៏ខ្ចីម៉ូតូរបស់ជនរងគ្រោះជិះសាកលេងហើយ ក៏ជិះគេចខ្លួនបាត់ទៅ លុះមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៤និង៤០នាទី ជនរងគ្រោះ និងឈ្មោះ សិទ្ធ នីរ៉ា បានជួបជនសង្ស័យនៅមុខសាលាអនុវិទ្យាល័យទឹកល្អក់ ក៏ឃាត់ខ្លួនជនសង្ស័យរូបនេះ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ នាក់ ភក្តី ហៅ ភក្តី កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា