ភ្នំពេញ៖ ទីបំផុត នគរបាលខណ្ឌចំការមន ពុំមានវិធានការផ្លូវច្បាប់ចំពោះអ្នកបញ្ជានិងជនដៃដល់ជាសន្តិសុខ ដែលយកខ្សែភ្លើងជាច្រើនចងចោរលួចខ្សែភ្លើងក្នុងការដ្ឋានសំណង់ខុនដូ”ព្រីសន៍ ផ្លាហ្សា”ទេ ពោលគឺដោះលែងឱ្យមានសេរីភាពទាំងអស់ ។ ចំណែកចោររូបនេះ នៅថ្ងៃទី១៦ ខែធ្នូ នគរបាលគ្រោងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយសន្និដ្ឋានចោទប្រកាន់ពីបទ”អំពើលួច”។
ករណីនេះ អ្នកច្បាប់និងមជ្ឈដ្ឋានជាច្រើន ចង់ឃើញស្ថាប័នមានសមត្ថកិច្ច អនុវត្តច្បាប់ដោយតម្លាភាព ពោលគឺ ចាត់វិធានការចំពោះចោរលួចខ្សែភ្លើង និង ចាត់ការលើអ្នកបញ្ជា ព្រមទាំងជនដៃដល់ ដែលចាប់ចងចោររូបនេះ ។
ហេតុការណ៍នៃការយកខ្សែភ្លើងជាច្រើនចងលើជនសង្ស័យ នៅក្នុងការដ្ឋានសំណង់ខុនដូ “ព្រីមស៍ ផ្លាហ្សា”ក្នុងខណ្ឌចំការមនកំពុងមានការជជែកគ្នាជាច្រើនអំពីទិដ្ឋភាពផ្លូវច្បាប់ ។ គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះ ថ្លែងថា ការធ្វើទារុណកម្មលើជនសង្ស័យប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ ដែលជនសង្ស័យអាចធ្វើជាម្ចាស់បណ្តឹងខ្លួនឯងផ្ទាល់ ។
ជនសង្ស័យម្នាក់ឈ្មោះ ហោ សុភី អាយុ៣០ឆ្នាំ ត្រូវបានសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ”ព្រីនស៍ ផ្លាហ្សា” យកខ្សែភ្លើងជាច្រើនចាប់ចង ក្រោយជនសង្ស័យលួចខ្សែភ្លើងយកទៅលក់ បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ តាមមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះសុំមិនបញ្ចេញឈ្មោះ បានបញ្ចេញទិដ្ឋភាពច្បាប់ចំនួនពីរ ពាក់ព័ន្ធករណីនេះ ទី១ ការប្រឈមបទល្មើសលួចដែលប្រព្រឹត្តដោយជនសង្ស័យ និង ទី២ ការប្រឈមរបស់សន្តិសុខក្រោមការបង្គាប់បញ្ជារបស់ម្ចាស់ការដ្ឋានសំណង់ ជុំវិញការចាប់ចងជនសង្ស័យ ក្រោមរូបភាពនៃការធ្វើទារុណកម្ម ។
មាត្រា៨៩នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ”វិធានការដំបូងក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង”ចែងថា ក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា ។
មន្ត្រីនគរបាលយុត្តិធម៌ចុះទៅកាន់ទីកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យបទល្មើស ។ មន្ត្រីនគរបាលយុត្តិធម៌ធានារ៉ាប់រងរក្សាទុកនូវតម្រុយនៃភស្តុតាងទាំងឡាយណាដែលអាចបាត់បង់ ។ មន្ត្រីនគរបាលយុត្តិធម៌អាចហាមឃាត់បុគ្គលគ្រប់រូបកុំឱ្យទៅទីណាឆ្ងាយពីកន្លែងបទល្មើស រហូតដល់ពេលបញ្ចប់កិច្ចប្រតិបត្តិការរបស់ខ្លួន ។
ប្រសិនបើយល់ថាមានប្រយោជន៍ ព្រះរាជអាជ្ញាចុះទៅកាន់ទីកន្លែងកើតហេតុ និង ដឹកនាំការស៊ើបអង្កេត ។ ប្រសិនបើមានការបន្ទាន់ ព្រះរាជអាជ្ញាអាចអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ណាម្នាក់ធ្វើប្រតិបត្តិការលើវិសាលភាពទាំងមូលនៃដែនដីជាតិ ដោយគោរពតាមលក្ខខណ្ឌទាំងឡាយ ដែលមានចែងក្នុងមាត្រា៦៨(ការពន្លាតសមត្ថកិច្ចដែនដី)នៃក្រមនេះ ។
ដោយឡែកមាត្រា២១០នៃក្រមព្រហ្មទណ្ឌ”បទទារុណកម្មនិងអំពើឃោរឃៅ”ចែងថា ទារុណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។
អ្នកច្បាប់ដដែល និយាយថា ក្នុងករណីនេះ ជនសង្ស័យត្រូវស្ថិតក្រោមការស៊ើបអង្កេតបឋមក្នុងបទល្មើសមជ្ឈិមជាក់ស្តែង ដែលអាចប្រឈមបទល្មើសអំពើលួច តាមមាត្រា៣៥៣និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ ។
ចន្លោះពេលនេះ ជនសង្ស័យផ្ទាល់ក៏អាចធ្វើបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស ជាអាទិ៍ ការធ្វើទារុណកម្មដោយការចាប់ចងនេះ បានដែរ ដែលបុគ្គលនោះអាចប្រឈមបទល្មើសទារុណកម្មនិងអំពើឃោរឃៅ ។
កន្លងមក គេតែងតែសង្កេតឃើញថា រាល់មានបទល្មើសកើតឡើងពិសេស បទឆក់ឬបទប្លន់ ជាដើម ប្រជាពលរដ្ឋតែងប្រព្រឹត្តហិង្សាលើជនសង្ស័យ ដែលពេលខ្លះអាចដល់ស្លាប់ថែមទៀងផង ។ បញ្ហានេះ អ្នកច្បាប់ និង មជ្ឈដ្ឋានមួយចំនួន សំណូមពរដល់សាធារណជន មេត្តាយល់ឱ្យច្បាស់ពីបញ្ហានេះ ដែលពេលខ្លះ អាចក្លាយខ្លួនជាជនល្មើសដោយមិនដឹងខ្លួន ។ រាល់បទល្មើសកើតឡើង គម្បីទុកសមត្ថកិច្ច ជូនមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ ជាអ្នកមានចំណាត់ការផ្លូវច្បាប់វិញ ៕ ចេស្តា