ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ញាត់បញ្ចូលទ្រុង បន្ទាប់ប្រើកណ្ដាប់ដៃឥតស្រមោលដាល់លើផ្ទៃមុខប្រពន្ធច្រើនដៃ បណ្ដាលឲ្យជាំហើមលើផ្ទៃរងរបួសធ្ងន់ ខណៈដែលគេសង្ស័យហិង្សាក្នុងគ្រួសារនេះ ជាបញ្ហាភ្លើងប្រចណ្ឌ។
ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា បុរសជាជនសង្ស័យដៃដល់ដែលបានកណ្ដាប់ដៃឥតស្រមោលដាល់លើផ្ទៃមុខប្រពន្ធជាំហើមឈ្មោះ សាន ភ័ក្រ្ត អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ មានប្រពន្ធដែលខ្លួនបានដាល់ដូចសត្រូវ និងកូនស្រីម្នាក់ក្នុងបន្ទុកគ្រួសារ។
ប្រភពព័ត៌មានខាងលើបន្តថា ស្រ្តីជាប្រពន្ធរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរនោះឈ្មោះ ជា ស្រួច អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានរាបរបប្រាប់សមត្ថកិច្ចនគរបាលថា ស្វាមីរបស់គាត់នេះពូកែខាងប្រើអំពើហិង្សាក្នុងគ្រួសារញឹកញាប់ស្ទើរតែរាប់មិនអស់ ប៉ុន្តែគាត់ចេះតែទ្រាំខណៈបានគ្រាជាប្តីប្រពន្ធហើយនោះ ហើយកន្លងមកក៍ធ្លាប់នគរបាលប៉ុស្តិ៍រដ្ឋបាលមូដ្ឋាន អញ្ជើញទៅអប់រំកិច្ចសន្យាក្នុងការប្រើកណ្ដាប់ដៃ និងជើងរបស់គាត់ផងដែរ ហើយលើកនេះគាត់បានដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីនៃច្បាប់ទៅចុះ គាត់ទ្រាំលែងបានហើយដាច់ខាត់មិនយកវិញទេ សុខចិត្តរស់នៅជាមួយកូនស្រីតូចទៅចុះប្រសើរជាងរស់នៅក្រោមការហិង្សាឈឺចាប់ឥតស្រាកស្រាន ប្តីរបស់គាត់នេះឲ្យតែស្រាស្រវឹងម្តងៗរករឿងជានិចបែបប្រចណ្ឌ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះករណីខាងលើជំនាញកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ តាមបណ្ដឹងមិនអាចសម្របសម្រួលគ្នាបានរបស់ប្តីប្រពន្ធមួយគូរនេះ ហើយកំពុងរាបចំសំណុំឯកសារពាក់ពន្ធបញ្ជូនខ្លួនបុរសសង្ស័យដៃដល់ ទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ដោល បឹុម ពិន