ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានឡានដឹកអង្ករវៀតណាមគេចពន្ធទៅឲ្យម៉ូយនៅផ្សារអូរឫស្សីជាង៤តោន

ចែករំលែក៖

ខេត្តកណ្តាល៖ កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក ជុន វណ្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដោយមានការបញ្ជាដ៍ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ ចាប់រថយន្តដឹកអង្ករគេចពន្ធពីវៀតណាមមកលក់នៅភ្នំពេញបានអង្ករជាច្រើនបាវ។

ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ម៉ៅ ភិរុណ អភិបាលខេត្ត ពិសេសត្រូវជួយចូលរួមបង្រ្កាបបទល្មើសគេចពន្ធដើម្បីបង្កើនចំណូលរដ្ឋ។

ហេតុការណ៍ចុះឃាត់ចាប់នេះកាលពីព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិសាស្រ្តស្រុកតាមដងផ្លូវជាតិលេខ ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចកងរាជអាវុធហត្ថបានប្រទះឃើញរថយន្ត០១គ្រឿង គួរឲ្យសង្ស័យម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AC ៤៨៥៦ បើកបរដោយឈ្មោះ អៀង ភារិទ្ឋ ភេទ​ ប្រុស អាយុ ៣៣ ឆ្នាំ​ មុខរបរ បើកបររថយន្ត រស់នៅភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ ក៏ត្រួតពិនិត្យឃើញថារថយន្តនោះមានដឹកអង្ករនាំចូលពីប្រទេសវៀតណាម (គ្មានច្បាប់អនុញ្ញាត) តាមច្រករបៀងព្រំដែនវៀតណាម ក៏នាំទៅសួរនាំ។

ម្ចាស់រថយន្តឈ្មោះ ចាន់រ៉ា ភេទ ប្រុស អាយុ​ ៤០ ឆ្នាំមុខរបរ កសិករ រស់នៅភូមិភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ ។ ម្ចាស់អង្ករ ឈ្មោះ យ៉ាន ភេទ ប្រុស​ អាយុ ៤៣ ឆ្នាំមុខរបរ កសិករ រស់នៅភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ វត្ថុតាងចាប់យក១-រថយន្ត ០១ គ្រឿងម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២AC ៤៨៥៦។ ២-អង្ករ(វៀតណាម) : ចំនួន ៩០ បាវស្មើនឹង ៤,៥តោន។

ក្រោយពីសមត្ថកិច្ចសួរនាំអ្នកបើកបររួចមកបានឲ្យដឹងថា អង្ករដែលខ្លួនបានដឹកតាមរថយន្តខាងលើ គឺដឹកពីច្រករបៀងព្រំដែនវៀតណាម ភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ (អង្ករវៀតណាម គ្មានច្បាប់អនុញ្ញាតិ) ដើម្បីយកទៅដាក់ឲ្យម៉ូយនៅផ្សារអូរឫស្សី រាជធានីភ្នំពេញ។

បច្ចុប្បន្ន អ្នកបើកបរ និងវត្ថុតាង ជំនាញ កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពុងបន្តតាមនិតិវិធីជាមួយជំនាញ។

សូមបញ្ជាក់ថា៖ ករណីដូចនេះលើកមុនខាងគយ និង ពាណិជ្ជកម្ម ដូចជាមិនដឹងចាត់ការយ៉ាងម៉េច គេអត់ជូនដំណឹងមកសមត្ថកិច្ចពាក់ព័ន្ធសោះ ដូចជាត្រូវថ្នាំ ។ ម្យ៉ាងទៀត ករណីនេះខាងអង្គភាព គយ ដូចជាមិនចង់សហការធ្វើ ថែមទាំងយកលេស ថាកម្លាំងគាត់ចុះគោលដៅអស់ហើយរវល់ ។ មិនដឹងថា រវល់រាប់លុយ ឬយ៉ាងណា បានបទល្មើសគេចពន្ធទាំងស្រុងចូលមក មិនខិតខំបង្ក្រាបដើម្បីជួយបង្កើនចំណូលរដ្ឋ ។ មិនដឹងថា គាត់រាល់ថ្ងៃធ្វើការងារដើម្បីជាតិប្រជាជន ឬមួយដើម្បីផលប្រយោជន៍ខ្លួនឯង៕ ឆដា


ចែករំលែក៖