ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ ដែលក្នុងនោះមានស្រីម្នាក់ផងដែរ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលពួកគេទាំង៥នាក់ កំពុងចេញពីរន្ធក្រោមដីមួយកន្លែងដើម្បីឆ្លងដែនដោយខុសច្បាប់ តាមរយៈមេខ្យល់។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងអន្តោប្រវេសន៍ និងកម្លាំងតម្រួតថៃ ប្រចាំតំបន់ ខ្លងលឹក ស្រុកអារញ្ញ័ ខេត្តស្រះកែវ បានចុះទៅកាន់ចំណុចរបងថ្មមួយកន្លែង ដែលបានសាងសង់ឡើងជាប់នឹង មាត់អូរព្រំដែនកម្ពុជា នៅទិសខាងត្បូងនៃទីលានផ្ញើរថយន្តរបស់ក្រុមហ៊ុន ហ្គោលដិនកេត ស្ថិតក្នុងឃុំអារញ្ញ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
ដោយនៅទីនោះ មានរន្ធមួយដែលមានទំហំ ០,៥០ ម៉ែត្រ សម្រាប់ឆ្លងចេញ ចូល ពី ប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ តាមក្រោមរបងថ្មនៃខ្សែបន្ទាត់ព្រំដែន ដោយឃើញបែបនេះ កម្លាំងបានអង្គុយចាំឃ្លាំមើលមួយសន្ទុះ ក៏បានឃើញពលករខ្មែរចំនួន៥នាក់ បានលូនចេញពីរន្ធបន្តបន្ទាប់ ទើបកម្លាំងតម្រួតថៃ ឃាត់ខ្លួនដោយបានចាប់ទាញចេញពីរន្ធ ព្រមទាំងបានសាកសួរបឋមគឺពលករខ្មែរទាំងនោះបានសារភាពថា រូង ក្រោមដីនេះ គឺជាស្នាដៃរបស់ក្រុមមេខ្យល់ សម្រាប់ឲ្យពលករខ្មែរលូនឆ្លងចូល ទៅធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ ដោយបង់ឲ្យពួកគេក្នុងម្នាក់៧០០បាត ។
បច្ចុប្បន្នក្រុមតម្រួតថៃបាននាំខ្លួនជនទាំង៥នាក់ ទៅកាន់ស្នងការដ្ឋានខេត្តស្រះកែវជាបណ្តោះអាសន្ន ដើម្បីសាកសួរបន្តរកមុខសញ្ញាមេក្លោងធំ ដែលនៅពីក្រោយខ្នងក្នុងរឿងនេះ ៕ វណ្ណា