ខេត្តសៀមរាប៖ យុវវ័យជាច្រើនបានវក់នឹងល្បែងហ្គេមបាញ់ត្រីភ្លេចការរៀនសូត្រ គេចវែសសាលា កុហកឪពុកម្ដាយ ថាទៅរៀន តែធាតុពិតបានគេចសាលាលួចមកលេងហ្គេមបាញ់ត្រី មួយកន្លែងនៅក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្រោមផ្លាក់យីហោ( សិប្បកម្មជាងផ្សារដែក សួន សំណាង ) ។
តាមប្រភពព័ត៌មានពីពលរដ្នបានឲ្យដឹងថា ហ្គេមបាញ់ត្រីមួយកន្លែងនេះ ត្រូវបានគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ក្រោមការធានាសុវត្ថិភាពពីសមត្ថកិច្ចមួយចំនួនចាំកាងបទល្មើសនៅពីក្រោយធ្វើ ឲ្យ ហ្គេមមួយកន្លែងនេះ ដំណើរការបានយ៉ាងរលូន ពុំដែលមានសមត្ថកិច្ចណាហ៊ាន បង្រ្គាបនោះទេ ព្រោះខ្លាចធ្លាក់បុណ្យស័ក្តិ កត្តាទាំងនេះហើយ ទើបធ្វើឲ្យមានបទល្មើស ឆក់ និងលួចជាហូរហែ និងការភ្លើតភ្លើនរបស់យុវវ័យភ្លេចអស់ការសិក្សារៀនសូត្រ ដែលឪពុកម្ដាយគ្រប់រូប តែងតែប្រាថ្នាចង់ឲ្យកូនរបស់ខ្លួនក្លាយជាមនុស្សល្អក្នុងសង្គម តែផ្ទុយស្រឡះកូនទាំងនេះ កំពុងតែវក់នឹងល្បែងហ្គេមបាញ់ត្រីអស់ហើយ។
លោក ទិត្យ ណារុង ធ្លាប់ប្រាប់ក្នុងកិច្ចសម្ភាសថា លោកនឹងចុះបង្រ្កាបល្បែងស៊ីសង គ្រប់ប្រភេទ មិនឲ្យកើតមាន តែសុំផ្ដល់ព័ត៌មានពីទីតាំង ឲ្យច្បាស់លាស់ដើម្បីបង្រ្គាបឲ្យមានប្រសិទ្ធភាព៕ ប៊ុនរិទ្ធី