ខេត្តសៀមរាប៖ ចោរឆក់កាបូបនៅស្រុកស្រែម្នាក់ ត្រូវបានពលរដ្ឋនាំគ្នាស្ទាក់ចាប់រួចស្វាគមន៍យ៉ាងចាស់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលស្រុកស្វាយលើ ចាត់ការបន្ត រួចកសាងសំណុំបញ្ជូនទៅតុលាការខេត្តចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ចោរឆក់កាបូបនោះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច ខាងជើងផ្លូវវាលស្រែឫស្សីស្រុក ក្នុងភូមិអង្កាញ់ ឃុំស្វាយលើស្រុកស្វាយលើ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹងចន្តារ៉េត ស្នងការរងទទួលបន្ទុកផែនកណ្តាលយុត្តិធម៌ នៃនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង កែក ភេទ ប្រុស អាយុ៦៣ឆ្នាំ, (ប្ដី) និង ប្រពន្ធ ឈ្មោះ ជា ខេត ភេទ ស្រី អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំ ខ្ចាស់ ស្រុក សូទ្រនិគម ខេត្តសៀមរាប បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ទៅមើលចំការ នៅភូមិ ត្រពាំងពពេល ឃុំ តាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ពេលជិះម៉ូតូដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យឈ្មោះ ព្រឿង រស្មី ភេទ ប្រុស អាយុ ២៣ឆ្នាំ នៅភូមិ អូរជួប ឃុំ រហាត់ទឹក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ បានជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅស្លាកលេខ សៀមរាប1M 2879 បើកពីក្រោយ ហើយបានឆក់កាបូបពីដៃជនរងគ្រោះរួចបើកម៉ូតូគេចខ្លួនបាត់ ក្រោយពីជនរងគ្រោះបានស្រែកឲ្យគេជួយ ទើបដឹងដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច តាមប្រម៉ាញ់រហូតឈានដល់ការឃាត់ខ្លួនបាន ប៉ុន្តែវត្ថុតាងដែលជនសង្ស័យឆក់យកទៅមិនឃើញនៅជាមួយជនសង្ស័យទេ។
លោកបានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចយើងឃាត់បានជាប់និងខ្លួនជនសង្ស័យរួមមាន ខ្សែដៃ ធ្វើពីលោហធាតុពណ៌លឿងចំនួន២ខ្សែ, ក្រវិលធ្វើអំពីលោហធាតុពណ៌លឿងចំនួន បី, ខ្សែកធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ, ប្រវែង៦០សង់ទីម៉ែត្រ។
លោកបញ្ជាក់បន្ថែមថា ទ្រព្យសម្បត្តិជនរងគ្រោះ ដែលត្រូវចោរឆក់យកទៅបាត់នោះរួមមាន៖ ប្រាក់ដុល្លារចំនួន១០០០ដុល្លារ, ប្រាក់រៀល ២០ម៉ឺនរៀល, ខ្សែកផ្លាកទីនចំនួន១ខ្សែ, ផ្លាកទីនចំនួនមួយគូ ផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី