ព័ត៌មានទាន់ហេតុការណ៍៖

ជួបជុំគ្រួសារនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលលើកទី៣៥

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានច្ចេកវិទ្យាកម្ពុជា ផ្នែកសំណង់ស៊ីវិល និង ស្ថាបត្យកម្ម បានប្រារព្ធកម្មវិធីជួបជុំប្រចាំឆ្នាំ មហាគ្រួសារនិស្សិតផ្នែកសំណង់ស៊ីវិល លើកទី៣៥ ក្រោមប្រធានបទ « យើងជួបជុំ យើងចែករំលែក »។ កម្មវិធីនេះរៀបចំឡើងដោយក្រុមប្រឹក្សានិស្សិតផ្នែកសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នេះគឺជាឆ្នាំទី៣៥ នៃកម្មវិធីជួបជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីសាស្រ្តាចារ្យ និស្សិតដែលបានបញ្ចប់ការសិក្សាព្រមទាំងនិស្សិតដែលកំពុងសិក្សាទាំងអស់ផងដែរ។

លោកសាស្ត្រាចារ្យ ជ្រា រ៉ាដា ប្រធានដេប៉ាតឺម៉ង់ សំណង់ស៊ីវិល និងស្ថាបត្យកម្ម បានថ្លែងក្នុងកម្មវិធីជួបជុំនេះថា៖ ព្រឹត្តិការណ៍នេះបង្កើតឡើងសម្រាប់និស្សិតក្នុងការធ្វើទំនាក់ទំនង និងផ្លាស់ប្តូរចំណេះដឹងដែលមានសារៈសំខាន់ណាស់។ យើងក៏រីករាយផងដែរដោយឃើញអ្នកឧបត្ថម្ភធំៗជាច្រើនចូលរួម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគេជាមួយសិស្សរបស់យើង។

ភ្នំពេញស៊ីធីសេនធ័រ ជាអ្នកឧបត្ថម្ភចម្បងមួយ ក្នុងចំណោមក្រុមហ៊ុនចំនួន៣ធំៗ ដែលបានឧបត្ថម្ភកម្មវិធីនៅក្នុងឆ្នាំនេះ។លោកស្រី ឡាវ មីឈែល (Michelle Lau) នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បានមានប្រសាសន៍ថា ៖ “ភ្នំពេញស៊ីធីសេនធ័រ មានសសរស្តម្ភ ជាច្រើននៅក្នុងក្រុមហ៊ុន ហើយចំណុចសំខាន់មួយដែលយើងផ្តោតទៅលើគឺ យុវជន។ ការផ្តល់ការអប់រំប្រកប ដោយនិរន្តរភាព គឺជាការងារចាំបាច់ដែលយើងត្រូវផ្តល់ដល់យុវជនកម្ពុជា ដែលមានអនាគតភ្លឺស្វាង និងជាអនាគតនៃប្រទេសរបស់យើង។ មិនត្រឹមតែជាអ្នកអភិវឌ្ឍន៏ទេ ភ្នំពេញស៊ីធីសេនធ័រ ក៏បានប្តេជ្ញាចិត្តក្នុ ងការលើកកម្ពស់ទេពកោសល្យទាំងនេះ ហើយសង្ឃឹមថា ពួកយើងនឹងផ្តល់ឱ្យគ្រប់គ្នា នូវតួនាទីដែលសមស្របនៅក្នុងក្រុមហ៊ុនរបស់យើង ឬក្រុមហ៊ុនរបស់ដៃគូរបស់យើងនាពេលអនាគតផងដែរ “។

លោក លឹម យ៉ុងហួត ដែលជាសាស្ត្រាចារ្យ និង ជាអ្នកស្រាវជ្រាវផ្នែកខាងវិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម បានលើកឡើងផងដែរថា៖ នេះជារូបភាពល្អសម្រាប់ ភ្នំពេញស៊ីធីសេនធ័រ ក្នុងការកសាងទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យអប់រំ ហើយក៏ជាកិច្ចការប្រសើរមួយ ដើម្បីលើកកម្ពស់ និងផ្តល់សារៈសំខាន់ផ្នែកចំណេះដឹង និងកសាងធនធានមនុស្សប្រកបដោយជំនាញ សម្រាប់ការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។ សម្រាប់សិស្សនិស្សិត, នេះក៏ជាការគាំទ្រផ្លូវចិត្តមួយដ៏ចាំបាច់ សម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ។”

លោកស្រី មីឈែល ក៏បានបន្ថែមទៀតថា ៖”ភ្នំពេញស៊ីធីសេនធ័រ មានគោលបំណង កសាងអនាគតរបស់ទីក្រុង ដោយសញ្ជឹងគិតពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវ រស់នៅ ធ្វើការ ព្រមទាំងចំណាយពេលវេលារបស់ពួកគេទាំងអស់នៅក្នុង ភ្នំពេញស៊ីធីសេនធ័រ ។ ការធ្វើបែបនេះនឹងមិនអាចទៅរួចទេ ប្រសិនបើមិនមានគំនិតគិតគូរ និងការរៀបចំផែនការ យ៉ាងល្អិតល្អន់ដោយក្រុមវិស្វករ និងស្ថាបត្យកររបស់យើង ព្រមទាំងទៅអនាគត នឹងអាចចូលរួមពីសំណាក់និស្សិតផ្នែកខាងវិស្វកម្មសំំណង់ស៊ីវិល និងស្ថាបត្យកម្មដែលពោរពេញដោយទេពកោសល្យ និងការច្នៃប្រឌិត ថ្មីពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

ក្រុមហ៊ុនដែលពាក់ព័ន្ធ ព្រមទាំង អតីតនិស្សិតផ្នែកវិស្វកម្មស៊ីវិល និងស្ថាបត្យកម្ម រួមទាំងតំណាង ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ត្រូវបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិន ដើម្បីចែករំលែកចំណេះដឹង គន្លឹះក្នុងការសិក្សា ទីផ្សារការងារ ព្រមទាំងបទពិសោធន៏ការងារ និងដើម្បី ជម្រុញ និងលើកទឹកចិត្ត ដល់និស្សិតជំនាន់ក្រោយ ដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សកាន់តែច្រើន។ នេះក៏ជាវេទិកាដ៏ល្អឥតខ្ចោះមួយ សម្រាប់ចងក្រងបណ្តាញទំនាក់ទំនងការងារ សម្រាប់មនុស្សគ្រប់គ្នានៅក្នុងឧស្សាហកម្មនេះ ពីនិស្សិតបច្ចុប្បន្ន អតីតសិស្ស សាស្រ្តាចារ្យ និងអ្នកដើរតួនាទីសំខាន់ខាងផ្នែកឧស្សាហកម្មផងដែរ៕ វឌ្ឍនា


ចែករំលែក៖