ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌ ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងហ្គេមមួយកន្លែងទៀត ស្ថិតនៅក្នុងសង្កាត់ស្រះចក ជាក់ស្តែងដកហូតបានទូហ្គេមបាញ់ត្រីចំនួន១ទូ ទូហ្គេមពង់បៀរចំនួន៨ទូ ប្រមូលបានភស្តុតាងយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ។
ករណីចុះបង្ក្រាប់ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយទីតាំងខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិ២ ជាប់ថ្នល់រទះភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងប្រជាការពារសាលាខណ្ឌដូនពេញ សហការជាមួយនរគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះចកផងដែរ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌ បានប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ថផលដកហូតទូហ្គេម និងសម្ភារពាក់ព័ន្ធជាច្រើនទៀត។ ចំណែកអ្នកញៀនល្បែងស៊ីសងទាំងនោះ និងអ្នកមើលការខុសត្រូវ បានរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។
ក្រោយចុះបង្ក្រាប វត្ថុតាងដែលដកហូតបានខាងលើនេះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំកម្ទេចចោលតាមក្រោយ ៕ ស តារា