ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងត្រពាំងទៅរកប្តីទាំងមានផ្ទៃពោះធ្លាក់អន្លង់លង់ស្លាប់ទើបរកឃើញនៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់ដែលមានផ្ទៃពោះជាង៧ខែទៅហើយនោះ បានបាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋ ប្រទះឃើញសាកសពហើម នៅក្នុងទឹកត្រពាំងកាលពីវេលាម៉ោង២រសៀល ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចត្រពាំងស្នាត្រាវ ក្នុងភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថាសពស្រ្តីរងគ្រោះមានឈ្មោះ និល សុភ័ក្រ អាយុ៤២ឆ្នាំ មានប្តីឈ្មោះ ឡាច តេង អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្តីស្រ្តីរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ប្រពន្ធរបស់គាត់បានសុំលុយបងស្រីរបស់គេ ដោយប្រាប់ថា យកទៅទិញស្រា ស កន្លះលីត្រ ហើយនាំគ្នាយកមកផឹក មានគ្នា៣នាក់។ ក្រោយពីផឹកស្រារួចប្រហែលម៉ោង៩ព្រឹក បានដើរទៅរកគាត់នៅឯស្រែ ដែលកំពុងច្រូតស្រូវនៅចំណុចកើតហេតុខាងលើ ហើយក៏បានបាត់ខ្លូនរហូតមក។

បុរសជាប្តីបានប្រាប់ឲ្យដឹងទៀតថា គាត់ដែលនៅច្រូតស្រូវនោះ គឺពុំបានដឹងថា ប្រពន្ធដើរមករកគាត់នោះដែរ នៅពេលដែលគាត់ច្រូតស្រូវរួចគាត់ក៍ត្រឡប់ទៅផ្ទះវិញ ហើយបាត់ប្រពន្ធមិនឃើញ ក៍សួររក ក៍នាំគ្នាដើររកតែមិនឃើញ រហូតដល់រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ទើបបានប្រទះឃើញសពរបស់ប្រពន្ធ ហើមអណ្តែតឡើងនៅក្នុងត្រពាំង ក៍រាយការណ៍ដល់សមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យសាកសពរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖