ខេត្តព្រះសីហនុ៖ ស្ត្រីពីរនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តមួយគ្រឿង បានបុកពីក្រោយម៉ូតូនៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតនៅក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក LUXES RX300 ពណ៌ ស្ករ ពាក់ស្លាកលេខព្រះសីហនុ2A-6084 មានទិសដៅពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1D-7296 បើកបរដោយឈ្មោះ លាង ទី ភេទស្រី អាយុ ២៦ឆ្នាំនិងអ្នករួមដំណើរម្នាក់ឈ្មោះ តក់ ផលលីន ភេទ ស្រី អាយុ ២០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទិសដៅស្របគ្នា។
ប្រភពដដែលបន្តថាគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ស្រ្តីចំនួន០២នាក់(អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ) បានស្លាប់នៅនឹងកន្លែងកើតហេតុ។ចំនែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នវតុ្ថតាង រថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ