ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការលើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាថ្មីម្តងទៀតអភិបានខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានប្រកាសជាសាធារណៈដូច្នេះថា គិតចាប់ពីពេលនេះតទៅ រាល់ឯកសារផ្សេងៗជាច្រើន របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ គឺត្រូវធ្វើជូនបងប្អូនក្នុងរយះពេលតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើឯកសារងាយៗ គឺមិនយូរដល់២ម៉ោងឡើយ ។
ការប្រកាសជាសាធារណៈនេះបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយព័ត៌មានស្តីពីការផ្តល់សេវាសាធារណៈរបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌ នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាល នៃគណះអភិបាលខណ្ឌច្បារអំពៅ ប្រព្រឹត្តិទៅនៅផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
លោកអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ឲ្យដឹងថា កន្លងមកការធ្វើឯកសារផ្សេងៗជូនបងប្អូនពលរដ្ឋ គឺមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីផ្សេងៗលើការឯកសារជូនបងប្អូន ។ ប៉ុន្តែគិតចាប់ពីពេលនេះតទៅ រាល់ការបម្រើសេវាសាធារណះផ្សេងៗ ពិសេសការធ្វើឯកសារ តាមរយះការិយាល័យច្រកចេញចូលតែមួយ គឺពុំត្រូវឲ្យមានការយឺតយ៉ាវទៀតឡើយ ពោលរដ្ឋបាលខណ្ឌច្បារអំពៅ នឹងកំណត់តែរយះពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការធ្វើឯកសាររួចជាស្រេចជូនបងប្អូន ។ ក្នុងនោះដែរ ប្រសិនបើជាឯកសារងាយៗ ដូចជាសំបុត្រកំណើត និងសៀវភៅស្នាក់នៅជាដើម គឺត្រូវធ្វើជូនបងប្អូនក្នុងរយះពេលមិនដល់២ម៉ោងឡើយ ប៉ុន្តែក្នុងលក្ខខណ្ឌដែលបងប្អូនរវល់មិនអាចរងចាំបាន បងប្អូនអាចទុកលេខទូរស័ព្ទនៅអ្នកដែលទទួលធ្វើសេវាឯកសារជូនបងប្អូនបាន ប្រសិនបើឯកសារនោះធ្វើរួចរាល់នៅពេលណាមួយ អ្នកបម្រើសេវា នឹងទំនាក់ទំនងទៅកាន់ទូរស័ព្ទផ្ទាល់របស់បងប្អូនឲ្យមកទទួលយកឯកសារដែលបានធ្វើរួច ។
លោកអភិបាលបន្ថែមថា ការពន្លឿនការធ្វើឯកសារផ្សេងៗជូនបងប្អូនពលរដ្ឋ តាមរយះការិយាល័យច្រកចេញចូលតែមួយនេះ គឺធ្វើឡើងស្របតាមការអន្តរក្រសួង លេខ១៤៣៤២ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច និងហរិញ្ញវត្ថុ ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ នៅរដ្ឋបាលក្រោមជាតិ ។ ហើយការធ្វើឯកសារជូនបងប្អូន គឺធ្វើឡើងដើម្បីសម្រួលធានាបានភាពឆាប់រហ័ស ប្រសិទ្ធិភាព តម្លាភាព និងភាពច្បាស់លាស់ ងាយស្រួលបងប្អូនឆាប់ទទួលបានឯកសារពាក់ព័ន្ធរបស់បងប្អូនយកទៅប្រើប្រាស់ ក្នុងកិច្ចការងារផ្សេងៗបាន ។
ទន្ទឹមនឹងនោះ រាល់ការធ្វើឯកសារទាំងឡាយ គឹពុំតម្រូវឲ្យមានការបង់ថវិការមកកាន់អ្នកធ្វើឯកសារ ឬការិយាល័យច្រកឡើយ លើកលែងតែឯកសារណាដែលមានចែងក្នុងច្បាប់ ដែលតម្រូវឲ្យបង់ប្រាក់ តាមសេចក្តីប្រកាសអន្តរក្រសួងប៉ុណ្ណោះ ដូចជាធ្វើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ជាដើម ។
ក្រោយពីចប់ពិធីលោកអភិបាលខណ្ឌបានចុះពិនិត្យបរិស្ថាន និងសំណេះសំណាលជាបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សាច្បារអំពៅផងដែរ ៕ សណ្តោស