ប៉ោយប៉ែត៖ ពលរដ្ឋខ្មែរប្រុស ស្រីចំនួន១៥នាក់ ក្នុងនោះស្រី៥ និងម៉ូតូ១២គ្រឿង ត្រូវបានប្រជាការពារភូមិរបស់ថៃឃាត់ទុក ព្រោះតែរឿងបាត់ម៉ាស៊ីនបូមទឹកពលរដ្ឋរបស់គេ១គ្រឿងនៅភូមិចាក់សាន់ ឃុំនិងស្រុកគោកធ្យូង ខេត្តស្រះកែវ ឈមទឹកដីកម្ពុជាភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសាភាគីថៃដោះលែងតែមនុស្សទុកម៉ូតូ១២គ្រឿង ធ្វើឲ្យខាងភាគីកម្ពុជាឃាត់ទុករថយន្តថៃចំនួន៥គ្រឿងវិញ ដើម្បីបើកការចរចារកដំណោះស្រាយ។
ហេតុការណ៌ខាងលើបានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃចន្ទ ១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ។
ប្រភពថា ពរដ្ឋទាំង១៥នាក់នោះ មានទីលំនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ និងជាកម្មករចេញ ចូលស៊ីឈ្នួលចាក់អង្កាមឲ្យជនជាតិថៃឆ្លងព្រំដែនទៅព្រឹក វិលល្ងាច។
ប្រភពថា នៅព្រឹកកើតហេតុនេះ ពលរដ្ឋខ្មែរទាំង១៥នាក់បានចូលទៅធ្វើការលើដីថៃ ដូចសព្វមួយដង ស្រាប់តែត្រូវប្រជាការពារភូមិថៃឃាត់ខ្លួន ប៉ុន្តែដោយសារមានការអន្តរាគមន៍ជួយពីកម្លាំងជួរមុខកម្ពុជា យោធា និងនគរបាលការពារព្រំដែន និងអាជ្ញាធរដែនដីភាគីថៃ ក៏បានដោះលែងពលរដ្ឋខ្មែរទាំង១៥នាក់ឲ្យមកផ្ទះវិញ ប៉ុន្តែមិនដោះលែងម៉ូតូ១២គ្រឿងទេ បើសិនរកមិនឃើញម៉ាស៊ីនបូមទឹកឲ្យគេវិញ ខណៈពលរដ្ឋខ្មែរទាំង១៥នាក់អះអាងថា មិនបានធ្វើអ្វីខុសច្បាប់ដូចគេចោទប្រកាន់នោះទេ។
ប្រភពថា ដោយសារបញ្ហាខាងលើ ភាគីកម្ពុជាបានឃាត់រថយន្តដឹកអង្កាមរបស់ថៃចំនួន៥គ្រឿងវិញ នៅចំណុចច្រករបៀង តំបន់៥ ស្ថិតក្នុងភូមិព្រៃចាន់ ជាថ្នូរក្នុងការរកដំណោះស្រាយ។
ជុំវិញករណីខាងលើមន្ត្រីយោធាប្រចាំចំណុចកើតហេតុប្រាប់តាមទូរស័ព្ទថា ពិតជាកើតមានមែន ប៉ុន្តែលោកថា ស្ថានការបានវិលមកប្រក្រតីវិញហើយនៅរសៀលដដែលនេះ គឺម៉ូតូខ្មែរ១២គ្រឿង ដែលគេចាប់ទុកនោះ ភាគីថៃបានប្រគល់ឲ្យម្ចាស់វិញហើយរថយន្តដឹកអង្កាមរបស់ថៃ ដែលឃាត់នៅលើទឹកដីខ្មែរ ក៏ត្រូវបានភាគីកម្ពុជាដោះលែងវិញដូចគ្នា បន្ទាប់ពីភាគីកម្ពុជានិងថៃបេីកការចរចាគ្នា៕ វណ្ណា