ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោឯកភាពតាមសំណើគ្រឹះស្ថានសិក្សាឯកជនមុននឹងបើកមិនចាំបាច់មានប្រាក់តម្កល់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃចន្ទ ១កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ បានឯកភាព តាមសំណើរបស់គ្រឹះស្ថានសិក្សាឯកជនមុននឹងបើកគ្រឹះស្ថានសិក្សាមិនចាំបាច់មាន ប្រាក់តម្កល់ដូចមុនរួមទាំងដំណោះស្រាយឆ្លើយតបតាមសំណូមពរផ្សេងៗមួយចំនួនទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេច ដូចនេះនៅវិមានសន្តិភាពខណៈអនុញ្ញាតឱ្យតំណាងមកពីគ្រឹះស្ថានអប់រំចំនួន៩៣ ចូលជួបសម្តែងការគួរសម។ ក្នុងនោះគ្រឹះស្ថានអប់រំផ្នែកចំណេះដឹងទូទៅចំនួន៤៨ និងឧត្តមសិក្សាចំនួន៤៥ទទួលបានអនុសាសន៍ណែនាំល្អៗពីសម្តេចតេជោអំពីស្ថានភាពអប់រំនិងនយោបាយសម្រាប់យកទៅ អភិវឌ្ឍ និងកែលម្អគ្រឹះស្ថានឧត្តមសិក្សា នីមួយៗឱ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ។

នៅក្នុងជំនួបនេះបន្ទាប់ពីមានការស្នើសុំ ពីគ្រឹះស្ថានឧត្តមសិក្សាសម្តេចតេជោបានសម្រេចលើបញ្ហាមួយចំនួនដូចជា ទី១-បញ្ហាស្នើសុំកុំឲ្យមានការតម្កល់ប្រាក់ក្នុងការបើកនិងអនុវត្តគ្រឹះស្ថានឧត្តមសិក្សា ហើយសម្តេចបានឯកភាពពុំឲ្យមានការ តម្កល់ប្រាក់ទៀតទេ, ទី២-សម្តេចបាន ជម្រាបជូនប្រតិភូទាំងមូលថា បញ្ហាបណ្តុះបណ្តាលគ្រូបង្រៀនជាបញ្ហារបស់ក្រសួងអប់រំ។ ដូច្នេះមានជាប់ពាក់ព័ន្ធនឹងសេវាសាធារណៈនិងសេវាអធិបតេយ្យ ហើយ ពាក់ព័ន្ធការបណ្តុះបណ្តាលគ្រូបង្រៀននោះ ទៀតសោតជាសេវាអធិបតេយ្យដូច្នេះត្រូវទុកឲ្យក្រសួងអប់រំជាអ្នកបណ្តុះបណ្តាល។

ពាក់ព័ន្ធនឹងសំណើសុំឲ្យវាយតម្លៃទៅលើកម្រិតសិក្សាសម្តេចតេជោ បានមាន ប្រសាសន៍ថាចំពោះការវាយតម្លៃការសិក្សានោះសាលាវាយតម្លៃដោយមានការធ្វើអធិការកិច្ចពីក្រសួងធ្វើយ៉ាងណាឲ្យមានការ វាយតម្លៃទូលំទូលាយ។ ដោយឡែកពាក់ ព័ន្ធនឹងការវាយតម្លៃពាក់ព័ន្ធនឹងជំនាញ សម្តេចតេជោក៏បានណែនាំឲ្យមានកិច្ចប្រជុំ និងវាយតម្លៃដោយក្រសួងជំនាញ ហើយ នៅក្នុងការវាយតម្លៃការសិក្សាចំណេះដឹងទូទៅសូមឲ្យក្រសួងដឹកនាំ និងពិនិត្យធ្វើយ៉ាងណាឲ្យមានការវាយតម្លៃជារួមមួយ។

ពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការបញ្ចប់ការសិក្សាសិនពីព្រោះកាលពីប្រជុំឆ្នាំមុន សម្តេចតេជោបានសម្រេចឲ្យក្រសួងសុខាភិបាលជាអ្នកត្រួតពិនិត្យ និងគ្រប់គ្រងលើ ការសិក្សាផ្នែកនេះសម្តេចតេជោបានឯកភាពថា ដោយសារនិស្សិតទាំងនោះបាន ចូលសិក្សានៅពេលក្រោមការត្រួតពិនិត្យ របស់ក្រសួងអប់រំឲ្យបញ្ចប់។ ដោយឡែកនិស្សិតថ្មីគឺត្រូវស្ថិតនៅក្រោមក្រសួងសុខាភិបាល ។

ជាមួយគ្នានេះដែរក៏មានការស្នើសុំឲ្យមានការបង្កើតគណៈកម្មការមួយរវាង សមាគមនឹងក្រសួងសុខាភិបាលសម្តេចតេជោក៏បានឯកភាពឲ្យបង្កើតសមាគម នោះដោយមានគ្រឹះស្ថានដែលមានការ បណ្តុះបណ្តាលជាមួយក្រសួងសុខាភិបាល ដើម្បីពិភាក្សាគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយណាដែលមាន ៕ ហេង សូរិយា


ចែករំលែក៖