ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកកំពង់ត្រាច ខេត្តកំពតកំពុងភ័យខ្លាចបាត់ស្រះទឹកបុរាណមួយ ខណៈក្រុមហ៊ុនទឹកស្អាតហ៊ុមរបងយក

ចែករំលែក៖

ខេត្តកំពត៖ ស្រះទឹកបុរាណដែលស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតបន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតបានហ៊ុមព័ទ្ធរបង នោះប្រជាពលរដ្ឋប្រតិកម្ម និងរិះគន់ថា ក្រុមហ៊ុនទឹកស្អាតនេះមានគំនិតកេងយកស្រះបុរាណធ្វើជាកម្មសិទ្ធិផ្តាច់មុខ ។

យោងតាមប្រភពជាផ្លូវការបានឲ្យដឹងថា ស្រះទឹកបុរាណក្នុងឃុំដំណាក់កន្ទួតខាងត្បូង(ក្បែររមណីយដ្ឋានភ្នំកំពង់ត្រាច)ត្រូវក្រុមហ៊ុនមួយវិនិយោគដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់ត្រាចជាង១០ឆ្នាំមកហើយ។ លុះពេលក្រុមហ៊ុនខាងលើធ្វើរបងហ៊ុមព័ទ្ធស្រះបុរាណនេះទើបមានប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋតែម្តង ។

ប្រភពដដែលបានបង្ហើបថា ក្នុងករណី ពង្រីកស្រះមិនបញ្ហាទេថ្វីត្បិតខុសទ្រង់ទ្រាយ ប្រវតិ្តសាស្ត្រក្តី ប៉ុន្តែការហ៊ុមព័ទ្ធរបងនោះអាចប៉ះពាល់សោភណភាពតំបន់ទេសចរណ៍ ដែលជារឿយៗមានផលិតកម្មភាពយន្ត មកថតរឿងនៅរូងភ្នំក្បែរទីតាំងស្រះទឹកនេះដែលអាចធ្វើឲ្យសាធារណជនយល់ ច្រឡំថា ជាស្រះទឹកឯកជនផងដែរ។ ជាមួយ នេះដែរប្រភពក៏បានអះអាងថា តម្លៃប្រើប្រាស់ទឹកស្អាតក្នុងស្រុកកំពង់ត្រាចនាពេល បច្ចុប្បន្នហាក់មានតម្លៃខ្ពស់ជាងបណ្តាទឹកស្អាតនានាទូទាំងប្រទេសគឺក្នុងមួយម៉ែត្រត្រីគុណ២.៥០០រៀលឯណោះ ។

លោក ជា គឹម ឡុង ប្រធានក្រុមហ៊ុន ផលិតទឹកស្អាតកំពង់ត្រាចបានបំភ្លឺថា ការហ៊ុមព័ទ្ធរបងនោះអនុវត្តតាមការណែនាំ ត្រឹមត្រូវពីក្រសួងឧស្សាហកម្មនិងសិប្បកម្មដោយតម្រូវឲ្យស្រះមានអនាម័យបញ្ចៀសពីការចុះហែលលេងក៏ដូចជារារាំងមិនឲ្យសត្វគ្រប់ប្រភេទ ពិសេសសត្វពាហនៈចូល ក្នុងបរិវេណស្រះទឹកនេះជាដើម។ ស្រះនេះ មិនមែនជាកម្មសិទ្ធិឯកជនទេ ពោលគឺរាល់ ការស្នើសុំច្បាប់ ឯកសារផ្សេងៗលោក តែងតែសរសេរថា ស្រះទឹកសាធារណៈជា និច្ច ។

លោកបានបន្តថា ទោះជាយ៉ាងណាក្រុម ហ៊ុននឹងឈូសឆាយដីធ្វើផ្លូវតាមការចង់ បានរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។ និយាយជារួមបើមានការជួបគ្នាអ្វីៗគ្រប់យ៉ាងអាចដោះស្រាយបានទាំងអស់ សូមកុំឲ្យតែកើតឡើងក្រោមការញុះញង់ពីមាត់មនុស្ស៣-៤នាក់ដែលមានគំនិតមិនល្អ នោះជាការប្រសើរបំផុត ។

លោកបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ តទៅលោកនឹងអនុវត្តតាមការកំណត់របស់ក្រសួងបើគិតត្រឹមបីម៉ែត្រត្រីគុណចុះតម្លៃ២.០០០រៀលពី៤ទៅ៧ម៉ែត្រត្រីគុណ ២.៣០០រៀល និងចាប់ពី៨ម៉ែត្រត្រីគុណឡើងទៅតម្លៃ២.៥០០រៀល ។

ទាក់ទិននឹងបញ្ហាខាងលើលោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានបញ្ជាក់ ថា បន្ទាប់ពីមានប្រតិកម្មពីសំណាក់ពលរដ្ឋ លោកក៏បានហៅម្ចាស់ក្រុមហ៊ុនទឹកស្អាតមកសាកសួរហើយលោក ជា គឹមឡុង ក៏ យកច្បាប់មកបង្ហាញផងដែរ។ ចំណែកការហ៊ុុមព័ទ្ធរបងក៏មានការអនុញ្ញាតពីលោក អ៊ុម ស៊ីណាត អតីតអភិបាលស្រុកកំពង់ត្រាច ដោយយោងតាមការណែនាំរបស់ក្រសួង ស្តីពីសុវត្ថិភាព និងអនាម័យទឹក។ លោក អភិបាលស្រុកបានបន្តថា ក្រុមហ៊ុនបាន សុខចិត្តយល់ព្រមរុះរើរបងចេញភ្លាម ខណៈ តំបន់នេះប្រែក្លាយជាមណ្ឌលទេសចរណ៍តាមការសម្រេចណាមួយ ។

លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានឲ្យដឹងថា លោកគាំទ្ររាល់ការធ្វើរបងហ៊ុមព័ទ្ធស្រះបុរាណនេះក្នុងគោលបំណងការពារទឹកសម្រាប់ផ្គត់ផ្គង់ប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងតំបន់ស្រុកកំពង់ត្រាចទាំងមូល។ លោកថា នេះជាកត្តាមួយជួយការពារកុំឲ្យសត្វពាហនៈចុះផឹកទឹក ឬសត្វចង្រៃ ផ្សេងទៀតមកយាយីផងដែរ ប៉ុន្តែទីតាំងស្រះបុរាណនេះមិនអនុញ្ញាតឲ្យយកធ្វើជាកម្មសិទ្ធិឯកជនឡើយ ពោលគឺគ្រាន់តែជាគោលការណ៍សម្រាប់អភិរក្សតែប៉ុណ្ណោះ។

លោកបានបន្ថែមថា លោកយល់ព្រមធ្វើចំណារជូនទៅក្រុមហ៊ុនដើម្បីផលិតទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រើប្រាស់រហូតដល់មានក្រុមហ៊ុនទឹកស្អាតថ្មីមកវិនិយោគបន្តទើបឲ្យដកចេញវិញហើយទីតាំងស្រះទឹកបុរាណនេះ នឹងនៅតែមានឈ្មោះជា ស្រះទឹកសាធារណៈ និងស្រះប្រវតិ្តសាស្ត្រ ដដែលទេ ៕ ហេង សូរិយា


ចែករំលែក៖