ព័ត៌មានទាន់ហេតុការណ៍៖

អីុស្រាអែលបើកការវាយប្រហារទៅលើទីតាំងក្រុមហាមា៉ស់នៅកាហ្សា

ចែករំលែក៖

កាលពីថ្ងៃទី១៧ ខែធ្នូ យន្តហោះចម្បាំងអីុស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងយោធាក្រុមហាមា៉ស់នៅកាហ្សា បង្កឲ្យមានការខូចខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។

មកទល់ពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយស្តីពីការស្លាប់ និងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនៅឡើយ។ ក្នុងពេលជាមួយគ្នានេះសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មាន សំឡេងផ្ទុះខ្លាំងៗកើតឡើងនិងសំឡេង យន្តហោះចម្បាំងហោះនៅលើតំបន់កា ហ្សា។នេះជាការវាយប្រហារ តបតទៅនឹងការបាញ់មីស៊ីលពីកាហ្សាទៅកាន់ប្រទេសអីុស្រាអែល ដែលរដ្ឋាភិបាលទីក្រុង តែល អាវីវ ចោទប្រកាន់ថាជាសកម្មភាពរបស់ ក្រុមហាមា៉ស់។

កន្លងមកក្រុមឧទ្ទាមនៅកាហ្សាតែងតែវាយប្រហារដោយមីស៊ីលទៅលើប្រទេសអីុស្រាអែល។ ប៉ុន្តែការបាញ់ច្រើនជាងគេ បំផុត គឺចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល មក ទល់ពេលនេះ ក្រុមហាមា៉ស់ បានបាញ់ ​ មីស៊ីលរហូតដល់ជាង២០គ្រាប់ពីកាហ្សាទៅអីុស្រអែល។ នេះជាការបាញ់ប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីការវាយ ប្រហារចុងក្រោយនៅឆ្នាំ២០១៤។

ភាពតានតឹងរវាងអីុស្រាអែលនឹង ប៉ាឡេស្ទីន កើនឡើងខ្ពស់ពីមួយថ្ងៃទៅ មួយថ្ងៃ និងអំពើហិង្សាបានសម្លាប់មនុស្សដល់ទៅ២ពាន់នាក់។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនេះដែរ អង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែធ្នូ នឹងបោះឆ្នោត លើសេចក្តីសម្រេចអំពាវនាវឲ្យប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវតែដកសេចក្តីប្រកាសទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡឹមមកវិញ។ បើអាមេរិកមិន ព្រមដកទេនោះ ពិភពលោកនឹងធ្លាក់នៅ ក្នុងភាពចលាចល ក្រោយពេលប្រទេសអ៊ិស្លាមទាំងអស់បានក្រោកឡើងប្រឆាំងនឹងអាមេរិក។

ក្រុមអ្នកការទូតបានព្រមព្រៀងគ្នាលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៨ខែធ្នូ លើសេចក្តី ព្រាងដំណោះស្រាយមួយ ដែលអំពាវនាវ ឱ្យដកការសម្រេច របស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ពីការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡឹម ថាជារដ្ឋធានី នៃប្រទេសអុីស្រាអែល ដែលទំនងជាប្រឈមនឹងការធ្វើវ៉េតូក្រុងវ៉ាស៊ីនតោន នេះ បើយោងតាមការចុះផ្សាយ របស់សារព័ត៌ មាន រ៉យទ័រ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

ក្រុមអ្នកការទូតបានលើកឡើងថា ខ្លួនមានការគាំទ្រយ៉ាងទូលំទូលាយ ក្នុង ចំណោមក្រុមប្រឹក្សា ដែលមានសមាជិក ចំនួន ១៥រូប ហើយខណៈដែលខ្លួន មិនទំនងជាត្រូវបានអនុម័ត ការបោះឆ្នោត នេះ នឹងបែងចែកដាច់ដោយឡែក ពីលោក ដូណាល់ ត្រាំ ចំពោះបញ្ហានេះ។

អត្ថបទអេឡិចត្រូនិកមួយទំព័រ ដែល ត្រូវបានគេមើលឃើញ ដោយរ៉យទ័រ មិនបាននិយាយច្បាស់លាស់ ពីសហរដ្ឋ អាមេរិក ឬលោក ដូណាល់ ត្រាំ នោះទេ ហើយដើម្បីអនុម័ត ដំណោះស្រាយត្រូវការ ៩សំឡេងគាំទ្រ និងគ្មានការជំទាស់ ដោយ សហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, រុស្ស៊ី ឬចិន។

ការក្រោកឈរឡើងប្រឆាំងអាមេរិក ក្រោយទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអីុស្រាអែលដោយស្របច្បាប់នោះ មានប្រទេសកាន់សាសនាអ៊ិស្លាមជាច្រើននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មប្រឆាំង ។ ដោយទីក្រុងហ្ស៊េរុយសាឡឹមខាងកើត មានព្រះវិហារអិស្លាម បុរាណជាទីសក្ការ បូជាដ៏ស័ក្តិសិទ្ធបំផុត ជាភស្តុតាង ថា ជាទីក្រុងរបស់ប៉ាឡេស្ទីន។

ប្រទេសកាន់សាសនាអ៊ិស្លាមនៅតំបន់អាស៊ាន ក្នុងនោះមានម៉ាឡេស៊ី ហ្វុីលីពីន និង ឥណ្ឌូនេស៊ីជាដើមបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំង។ប្រជាពលរដ្ឋអ៊ិស្លាម ឥណ្ឌូនេស៊ីរាប់សិបពាន់នាក់ បានប្រមូល ផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុងហ្សាការតា នា ថ្ងៃអាទិត្យកន្លងមកនេះ ដើម្បីសម្តែងការប្រឆាំងនឹងសេចក្តីសម្រេចរបស់លោកដូណាល់ ត្រាំ ទទួលស្គាល់ក្រុងហ្ស៊េរុយ សាឡឹម ជារដ្ឋធានីរបស់អុីស្រាអែល។ ឥណ្ឌូណេស៊ី ប្រទេសកាន់សាសនាអ៊ិស្លាមដ៏ធំជាងគេនៅលើពិភពលោក គាំទ្រនិង មានសាមគ្គីភាពបំផុតជាមួយប្រជាពលរដ្ឋប៉ាឡេស្ទីន។

នេះជាបាតុកម្មដ៏ធំបំផុតមិនធ្លាប់មានទេ នៅឥណ្ឌូនេស៊ី គិតចាប់តាំងពីលោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសទទួលស្គាល់ក្រុងហ៊្សេរុយសាឡឹមជារដ្ឋធានីអុីស្រាអែលមក។ ចូលរួមដោយបាតុករ រាប់សិបពាន់នាក់ (៨ម៉ឺននាក់បើតាម ប៉ូលិស) និងក្នុងភាពស្ងប់ស្ងាត់ទេ ប៉ុន្តែ អាជ្ញាធរបានពង្រាយកម្លាំងប៉ូលិស និង យោធា ជាងពីរពាន់នាក់ ធ្វើជារនាំងបាំង និងកៀងក្បួនបាតុកម្ម មិនឱ្យទៅក្បែរស្ថាន ទូតអាមេរិក។

រដ្ឋមន្ត្រីក្រសួងសាសនា និងអភិបាល ក្រុងហ្សាការតា ក៏បានបង្ហាញវត្តមានក្នុងហ្វូងបាតុករ ដែលភាគច្រើននាំគ្នាស្លៀកពាក់ខោអាវស កាន់ទង់ជាតិប៉ាឡេស្ទីន និង បដា ស្រែកទាមទារ សន្តិភាព សេរីភាព ភាព ឱ្យប៉ាឡេស្ទីន។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសន្យាប្រឹងឱ្យអស់ពីសមត្ថភាពជួយប៉ាឡេស្ទីនឱ្យបានទទួលសិទ្ធិសេរីភាពនិងឯករាជ្យភាព។

សេចក្តីសម្រេចរបស់លោកដូណាល់ ត្រាំ ទទួលស្គាល់ក្រុងហ្ស៊េរុយសាឡឹមជារដ្ឋធានីអុីស្រាអែល បានបំផុសកំហឹងប៉ា ឡេស្ទីន និងបាតុកម្មក្នុងពិភពលោកអ្នក កាន់សាសនាអ៊ិស្លាមស្ទើរគ្រប់ទិសទី ព្រមទាំងប្រតិកម្មបរិហារថ្កោលទោសស្ទើរជា ឯកច្ឆន្ទពីសហគមន៍អន្តរជាតិ ក្នុងនោះក៏មានរូបលោកប្រធានាធិបតីឥណ្ឌូនេស៊ីម្នាក់ផង។

ទន្ទឹមគ្នានេះ នៅអង្គការសហប្រជា ជាតិវិញ ក្រុមប្រឹក្សាសន្តិសុខកំពុងត្រួតពិនិត្យសំណើ សេចក្តីសម្រេច ដោយគ្រោងនឹង អនុម័តច្រានចោលចំណាត់ការរបស់ប្រធានាធិបតីអាមេរិកស្តីពីការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡឹម នៅថ្ងៃចន្ទនេះ ។ ជា គម្រោងសេចក្តីសម្រេចស្នើឡើងដោយអេហ្ស៊ីប មិត្តជំនិតម្នាក់ទៀតរបស់ប៉ាឡេស្ទីន ដើម្បីរំលឹកអំពីជំហររបស់សហគមន៍អន្តរជាតិចំពោះលក្ខន្តិកៈនៃក្រុងហ្ស៊េរុយសាឡឹមផង និងដើម្បីរំលឹកថាសេចក្តីសម្រេចជា ឯកតោភាគីខ្លះជាទង្វើខុសច្បាប់ដែលត្រូវដកថយវិញ។

គម្រោងសេចក្តីសម្រេចអង្គការសហប្រជាជាតិនេះ ដែលមានតម្លៃជានិមិត្តរូបនៃការដាក់រដ្ឋបាលអាមេរិកឱ្យនៅឯកា គ្មានសំណាងចេញរួចទេ ព្រោះអាមេរិក ​របស់លោកត្រាំពិតជានឹងប្រើសិទ្ធិប្រឆាំងវ៉េតូជាក់ជាពុំខាន៕ ម៉ែវ សាធី


ចែករំលែក៖